ហ្កាហ្សា៖ ប្រភពបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា កងពលតូចអាល់ កាហ្សាម ដែលជាអង្គភាពទ័ពរបស់ក្រុមហាម៉ាស បានចាប់ផ្តើមការរៀបចំដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៣នាក់ចេញពីទីក្រុង ឌៀរ អាល បាឡា នៅកណ្តាលទីក្រុងហ្កាហ្សា។
ការដោះលែងនេះគឺជាការដោះដូរលើកទី៥ក្នុងដំណាក់ទី១នៃបទឈប់បាញ់គ្នា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។
កិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប កាតា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក មានគោលបំណងកាត់បន្ថយជម្លោះ។
សមាជិកក្រុមប្រដាប់អាវុធជាច្រើននាក់របស់កងពលតូចអាល់ កាហ្សាម ត្រូវបានគេមើលឃើញថាឈរនៅលើដងផ្លូវក្នុងទីក្រុង ឌៀរ អាល បាឡាស ស្លៀកពាក់ឯកសណ្ឋាន និងកាន់កាំភ្លើងវែងឈរអែបជិតរថយន្តបំពាក់ជាមួយកាំភ្លើងយន្ត។ វេទិកាមួយក៏ត្រូវបានរៀបចំដើម្បីដោះលែងចំណាប់ខ្មាំង។ អ្នកសង្កេតការណ៍ប៉ាឡេស្ទីនកត់សម្គាល់ថាដំណើរការដោះលែងហាក់ដូចជាមានការរៀបចំយ៉ាងត្រឹមត្រូវ។
រូបភាពរបស់មេដឹកនាំក្រុមហាម៉ាសដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានបង្ហាញនៅជុំវិញវេទិកា។ នៅមូលដ្ឋានរបស់ពួគេ រូបភាពមួយសន្លឹករបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាម៉ីន ណេថានយ៉ាហូ (Benjamin Netanyahu) ត្រូវបានដាក់តាំង ជាមួយនឹងរូបភាពបំផ្លាញរថយន្តយោធាអ៊ីស្រាអែល។
នៅថ្ងៃសុក្រ កងពលតូច អាល់ កាហ្សាម បានប្រកាសដោះលែងអ្នកទោសអ៊ីស្រាអែល៣នាក់ ប្រសិនបើអ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីន១៨៣នាក់នៅថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរអ្នកទោស ចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលនឹងត្រូវបានដោះលែងចេញពីកណ្តាលទីក្រុងហ្កាហ្សាជាលើកដំបូង៕