ប្រទេសឥណ្ឌា៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់ក្រុមឧទ្ទាមណាហ្សាល៣១នាក់ និងក្រុមប៉ូលិស២នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងការបាញ់ប្រហារគ្នាយ៉ាងសាហាវមួយកាលពីថ្ងៃអាទិត្យនៅរដ្ឋឆាតធីសហ្កាហ កណ្តាលប្រទេសឥណ្ឌា។
ជម្លោះអាវុធរវាងក្រុមឧទ្ទាមណាហ្សាល និងកងកម្លាំងចម្រុះរបស់ប៉ូលិសនិងកងទ័ពប៉ារ៉ាបានផ្ទុះឡើងនៅក្នុងព្រៃនៃឧទ្យានអ៊ីនដ្រាវ៉េទី ស្រុកប៊ីចាផួរ ដែលមានចម្ងាយប្រមាណ២៣៦គីឡូម៉ែត្រភាគខាងត្បូងទីក្រុងរ៉ាយផួរ រដ្ឋឆាតធីសហ្កាហ។
យោងតាមព័ត៌មានផ្លូវការបានឱ្យដឹងថា ប្រតិបត្តិការរុករកកំពុងដំណើរការនៅក្នុងតំបន់នេះរហូតមានសេចក្តីរាយការណ៍ចុងក្រោយ។
វិទ្យុរដ្ឋឥណ្ឌាបានផ្សាយថា កងកម្លាំងត្រូវបានបញ្ជូនបន្ថែមទៅកាន់តំបន់នោះ។ វិទ្យុរដ្ឋបានផ្សាយថា “អាវុធនិងគ្រាប់រំសេវជាច្រើនត្រូវបានរកឃើញនៅទីតាំងកើតហេតុ”។
កាលពីខែមុន ប៉ូលិស៨នាក់ និងអ្នកបើកបរម្នាក់ស្លាប់បន្ទាប់ពីរថយន្តមួយគ្រឿងដែលពួកគេបើកបរបានផ្ទុះដោយសារតែគ្រឿងផ្ទុះកែច្នៃដែលបង្កៃដោយក្រុមឧទ្ទាមណាហ្សាល។
គួររំលឹកផងដែរថា ក្រុមប៉ូលិសក្នុងតំបន់បាននិយាយថា ចាប់តាំងពីដើមឆ្នាំនេះ ក្រុមឧទ្ទាមណាហ្សាល៦៥នាក់ត្រូវបានសម្លាប់ក្នុងជម្លោះអាវុធដោយឡែកពីគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលនៅក្នុងរដ្ឋមួយនេះ។ បច្ចុប្បន្ន ក្រុមឧទ្ទាមណាហ្សាលមានសកម្មភាពយ៉ាងសកម្មនៅទូទាំងភាគកណ្តាល និងភាគខាងកើតនៃប្រទេសឥណ្ឌា៕