ប្រទេសអាហ្វហ្កានីស្ថាន៖ ប៉ូលិសអាហ្វហ្កានីស្ថានបានជួយសង្គ្រោះមនុស្ស២នាក់ និងចាប់ខ្លួនមនុស្ស៦នាក់ ដោយចោទប្រកាន់ពីបទចាប់ជំរិតនៅក្នុងទីក្រុងកាប៊ុល រដ្ឋធានីនៃប្រទេសអាហ្វហ្កានីស្ថាន នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងមហាផ្ទៃកាលពីថ្ងៃអង្គារ។
លោក អាបដូល មេធីន ខានី អ្នកនាំពាក្យក្រសួងបានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ីក្ស ថា បុគ្គលដែលត្រូវបានចាប់ជំរិតនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្មីៗនេះត្រូវបានសង្គ្រោះដោយជោគជ័យនៅក្នុងស្រុកប៉ូលិសស្រុកទី៧ ក្រុងកាប៊ុល។ អ្នកចាប់ជំរិតបានទារប្រាក់លោះប្រមាណ១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកពីក្រុមគ្រួសារជនរងគ្រោះជាថ្នូរនឹងការដោះលែង។
បន្ទាប់ពីកំណត់ទីតាំងរបស់ក្រុមចាប់ជំរិត ប៉ូលិសបានចាប់ផ្តើមបើកប្រតិបត្តិការ និងសង្គ្រោះមនុស្សទាំងនោះ។ បុគ្គលិកសន្តិសុខក៏បានចាប់ខ្លួនអ្នកចាប់ជំរិត៦នាក់។
លោកបានបន្តថា សំណុំរឿងបុគ្គលដែលត្រូវបានចាប់ខ្លួន ត្រូវបានបញ្ជូនទៅតុលាការដើម្បីស៊ើបអង្កេតបន្ត និងចាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានសន្យាថានឹងបង្ក្រាបបុគ្គលល្មើសច្បាប់ និងឧក្រិដ្ឋជនដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាឲ្យមានរបៀបរៀបរយនៅក្នុងប្រទេស៕









