កងកម្លាំងអ៊ីរ៉ាក់បំផ្លាញទីតាំងក្រុម IS ២៥កន្លែងនៅភាគខាងជើងអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃសុក្រថា កម្លាំងរបស់ខ្លួនបានបំផ្លាញទីតាំងចំនួន២៥កន្លែងដែលក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ធ្លាប់ប្រើប្រាស់នៅតំបន់ភ្នំ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលជាបណ្តាញផ្សព្វផ្សាយមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា កម្លាំងមកពីក្រសួងប្រឆាំងភេរវកម្ម (CTS) បានធ្វើប្រតិបត្តិការមួយនៅក្នុងតំបន់ម៉ាកមួរ ដែលមានចម្ងាយប្រមាណជា១០០គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុងម៉ូសូល ខេត្តនីនេវេ ហើយបានបំផ្លាញទីតាំងលាក់ខ្លួនរបស់ក្រុម IS ចំនួន១៨កន្លែង និងផ្លូវរូងក្រោមដី៧កន្លែង។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កងកម្លាំងក៏បានរកឃើញសាកសពក៏ដូចជាឧបករណ៍បំផ្ទុះកែច្នៃ គ្រាប់រំសេវ យន្តហោះគ្មានមនុស្សបើក២គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារៈដឹកជញ្ជូនជាច្រើនផ្សេងៗទៀត ដោយមិនបានផ្តល់ព័ត៌មានលម្អិតពីសាកសពដែលនៅនោះ។

ដោយប្រទេសអ៊ីរ៉ាក់បានប្រកាសជ័យជំនះលើជ័យជំនះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់បានបន្តវាយប្រហារប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាលផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here