ប្រទេសនីហ្សេរីយ៉ា៖ យោធាបាននិយាយថា យ៉ាងហោចណាស់ជនសង្ស័យជាភេរវករ ៨២នាក់ត្រូវបានសម្លាប់ និង១៩៨នាក់ត្រូវបានចាប់ខ្លួនដោយយោធានីហ្សេរីយ៉ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះនៅទូរទាំងប្រទេស។
លោក ម៉ាកូស ខានហ្គី អ្នកនាំពាក្យយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ក្នុងទីក្រុងអាប៊ុចា ប្រទេសនីហ្សេរីយ៉ាថា ចំណាប់ខ្មាំងសរុបចំនួន៩៣នាក់ត្រូវបានរំដោះក្នុងពេលនោះ។
លោក ខានហ្គី បាននិយាយថា ភេរវករដែលសោកស្តាយចំពោះការខុសកន្លងមកចំនួន៤១នាក់ និងសមាជិកគ្រួសាររបស់ពួកគេ ក្នុងនោះមានមនុស្សពេញវ័យជាបុរស១០នាក់ មនុស្សពេញវ័យជាស្ត្រី១២នាក់ កុមារ១៩នាក់ បានសុំចុះចាញ់នឹងកងទ័ពនៅភាគឦសាននៃប្រទេសក្នុងអំឡុងប្រតិបត្តិការនោះ។ ពួកគេក៏បានប្រគល់អាវុធ និងគ្រាប់រំសេវរបស់ពួកគេផងដែរ។
លោក ខានហ្គី បាននិយាយថា ក្នុងអំឡុងប្រតិបត្តិការមួយផ្សេងទៀតក្នុងពេលតែមួយ ពួកចោរលួចប្រេងយ៉ាងហោចណាស់២២នាក់ ដែលកំពុងបំផ្លាញសេដ្ឋកិច្ចជាតិ ត្រូវបានចាប់ខ្លួននៅតំបន់សម្បូរប្រេងរបស់ប្រទេស។
លោកបានបន្ថែមថា “លើសពីនេះ កងទ័ពបានរកឃើញ និងបានបំផ្លាញឡដុតប្រេងឆៅចំនួន៣៨កន្លែង រណ្តៅជីក២៧រណ្តៅ ទូកចំនួន២២ទូក ទូលល្បឿនលឿន២គ្រឿង ធុងផ្ទុកប្រេងឆៅ៦០ធុង ឡាំងដែក៣៤ និងទីតាំងចម្រាញ់ប្រេងខុសច្បាប់ចំនួន៣២កន្លែង”៕









