ប្រទេសតួកគី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសៅរ៍ថា គណបក្សពលករឃឺដ (PKK) ខុសច្បាប់បានប្រកាសពីបទឈប់បាញ់គ្នាជាមួយប្រទេសតួកគី បន្ទាប់ពីការអំពាវនាវរបស់មេដឹកនាំដែលជាប់ពន្ធនាគារគឺលោក អាបដូឡាហ អូខាលេន ឱ្យដាក់អាវុធចុះ និងរំសាយគណបក្ស។
ទូរទស្សន៍អ៊ិនធីវីបានរាយការណ៍ថា គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សពលករឃឺដបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា គ្មានកងកម្លាំងណាមួយរបស់ខ្លួនធ្វើសកម្មភាពប្រដាប់អាវុធទេ លុះណាតែពួកយើងត្រូវបានគេវាយប្រហារ។
PKK បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “យើង ក្នុងនាមជា PKK យល់ស្របទាំងស្រុងលើខ្លឹមសារដែល អូខាលេន និយាយក្នុងការសន្ទនាតាមទូរស័ព្ទ ហើយបានបញ្ជាក់ថា យើងនឹងគោរពតាម និងអនុវត្តតាមតម្រូវការរបស់ពួកគេពីភាគីរបស់យើង”។
ក្រុមនេះក៏បាននិយាយផងដែរថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីរៀបចំសមាជរបស់ខ្លួន ប៉ុន្តែពួកគេបញ្ជាក់ថា ភាពជោគជ័យនៃសមាជនេះលុះត្រាតែមាន អូខាលេន ជាអ្នកដឹកនាំដោយផ្ទាល់ ដូចនេះទើបពួកគេបានអំពាវនាវឱ្យដោះលែង អូខាលេន ពីពន្ធនាគារ។
PKK បាននិយាយថា “យើងសង្ឃឹមថា អាជ្ញាធររដ្ឋដែលពាក់ព័ន្ធនឹងធានានូវសេរីភាពរាងកាយរបស់ អាបដូឡាហ អូខាលេន ដែលអនុញ្ញាតិឱ្យគាត់រស់នៅ និងធ្វើការក្នុងលក្ខណ្ឌធម្មតា”។
កាលពីថ្ងៃព្រហស្បតិ៍ អូខាលេន បានអំពាវនាវដល់ក្រុមទាំងអស់ដែលមានទំនាក់ទំនងជាមួយPKK ឱ្យដាក់អាវុធចុះ និងជំរុញឱ្យរំលាយ PKK ។
ចំណាត់ការនេះបានធ្វើឡើងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលធ្វើឡើងដោយរដ្ឋាភិបាល ដើម្បីបញ្ចប់ការបះបោររយៈពេល៤០ឆ្នាំរបស់ PKK ប្រឆាំងនឹងរដ្ឋតួកគីដែលបានឆក់យកជីវិតមនុស្សមិនតិចជាង៤០.០០០នាក់។
គួររំលឹកផងដែរថា អូខាលេន ដែលត្រូវបានគេឃុំខ្លួននៅដាច់ដោយឡែកពីគេលើកោះអ៊ីមរ៉ាលី ក្នុងសមុទ្រ ម៉ាម៉ារ៉ា ឆ្ងាយពីទីក្រុងអ៊ីស្តង់ប៊ុលតាំងពីឆ្នាំ១៩៩៩ បានបង្កើតបក្សពលករឃឺដក្នុងឆ្នាំ១៩៧៨។ PKK ត្រូវបានកំណត់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប៕