ប្រទេសប៉ាគីស្ថាន៖ ក្រុមមន្ត្រីរដ្ឋាភិបាល និងប៉ូលិសបាននិយាយនៅថ្ងៃអង្គារ៍ថា ជនស៊ីវិល ១២នាក់ និងក្រុមភេរករ៦នាក់ត្រូវបានសម្លាប់ និងរងរបួស៣២នាក់ដោយសារក្រុមភេរវករវាយប្រហារកំណត់គោលដៅលើបន្ទាយនៅខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
លោក មូហាម៉ាដ អាលី សាហ្វ អ្នកនាំពាក្យរដ្ឋាភិបាលនៅខេត្តខាយប័របានប្រាប់អ្នកយកព័ត៌មានថា ក្រុមភេរវករមួយក្រុមក្នុងនោះមានក្រុមអ្នកបំផ្ទុះគ្រាប់បែកបានប៉ុនប៉ងចូលទៅក្នុងបន្ទាយ ប៉ុន្តែមិនអាចចូលបានដោយសារកម្លាំងសន្តិសុខស្រុកបាននូ វាយប្រហារតបតវិញទាន់ពេល។
លោកបាននិយាយថា ក្រុមភេរវករបានបើករថយន្តដឹកគ្រឿងផ្ទុះ២គ្រឿងបុកជញ្ជាំងបន្ទាយបណ្តាលឱ្យរងការខូចខាតយ៉ាងខ្លាំង។ លោកបានបន្ថែមថា មន្ត្រីសន្តិសុខបានពង្រាយកម្លាំងនៅច្រកចូលផ្សេងៗក្នុងតំបន់នោះប្រយុទ្ធគ្នាជាមួយនឹងពួកភេរវករសម្លាប់បាន៦នាក់នៅនឹងកន្លែង។
មន្ត្រីប៉ូលិសជាន់ខ្ពស់ក្នុងតំបន់បានប្រាប់អ្នកយកព័ត៌មានក្នុងលក្ខណ្ឌសុំមិនបញ្ចេញឈ្មោះថា ក្រោយពេលផ្ទុះយ៉ាងកក្រើក ដំបូលនៃអគារនៅក្បែរនោះជាច្រើនខ្នង និងវិហារអ៊ីស្លាមមួយខ្នងបានដួលរលំ ដោយបានសម្លាប់ជនស៊ីវិល១២នាក់ និង៣២នាក់ផ្សេងទៀតរងរបួស។
ក្រោយពេលកើតហេតុ កងកម្លាំងប៉ូលិស កងកម្លាំងសន្តិសុខ និងក្រុមសង្គ្រោះបានទៅដល់ទីតាំងកើតហេតុ និងបានបញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យបង្អែកស្រុក ជាកន្លែងដែលអ្នករបួសជាច្រើននាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ការប្រកាសអាសន្នភ្លាមៗត្រូវបានធ្វើឡើងនៅគ្រប់មន្ទីពេទ្យក្នុងស្រុក នេះបើតាមប្រភពពីមន្ទីពេទ្យ។
នៅក្នុងសារមួយដែលបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញថា ក្រុមហាហ្វីហ្ស ហ្កូល បាដាដួរ នៃក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថានបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
លោក អាស៊ីហ្វ អាលី ហ្សាដារ៉ី បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរលើការវាយប្រហារភេរវកម្ម ដោយពណ៌នាថាវាជាទង្វើដ៏ឃោឃៅមួយក្នុងអំឡុងខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។
គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតីបានកោតសរសើរដល់កងកម្លាំងសន្តិសុខចំពោះការសកម្មភាពដ៏ឆាប់រហ័សរបស់ពួកគេក្នុងការកម្ចាត់ពួកភេរវករ ដែលមានខ្លឹមសារថា ប្រជាជាតិទាំងមូលបដិសេធចំពោះទង្វើគួរឲ្យស្អប់ខ្ពើមបែបនេះ៕