អ៊ីស្រាអែលនិយាយថាបានសម្លាប់មេដឹកនាំក្រុមហាម៉ាសនៅវ៉េសបេង

0

ប្រទេសអ៊ីស្រាអែល៖ យោងតាមការបញ្ជាក់ពីយោធាអ៊ីស្រាអែលបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់មេដឹកនាំក្រុមហាម៉ាសក្នុងតំបន់ម្នាក់នៅទីក្រុងជេនីន ភាគខាងជើងតំបន់វ៉សបេងកាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យយោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមប៉ូលិសព្រំដែន កងទ័ព និងភ្នាក់ងារសន្តិសុខស្ហីនបិតបានវាយឆ្មក់នៅទីក្រុងជេនីន នៅពាក់កណ្តាលយប់ដែលជាផ្នែកមួយនៃយុទ្ធនាការយោធាដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅក្នុងតំបន់វ៉េសបេង។

អ្នកនាំពាក្យបានប្រកាសថា បន្ទាប់ពីការបាញ់ប្រហារគ្នា ទាហានបានសម្លាប់លោក អ៊ីសឺរ សាឌី ដែលត្រូវបានគេស្គាល់ថាជាប្រធានបណ្តាញក្រុមហាម៉ាសនៅក្នុងទីក្រុងជេនីន។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនសកម្មប្រយុទ្ធម្នាក់ទៀតដែលនៅជាមួយសាឌីក៏ត្រូវបានសម្លាប់ ចំណែកឯ៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀតរបស់លោក អ៊ីស្រាអែល ខេត្ស រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថាកងទ័ពអ៊ីស្រាអែលនឹងបន្ត​ប្រយុទ្ធ​ប្រឆាំង និងរារាំងគ្រប់សកម្មភាព​ភេរវកម្មគ្រប់ទីកន្លែង។

យោធាអ៊ីស្រាអែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំនៅក្នុងទីក្រុងជេនីននៅថ្ងៃទី២១ ខែមករា និងបានពង្រីកប្រតិបត្តិការទៅកាន់ទីក្រុងផ្សេងទៀត និងជំរំជនភៀសខ្លួននៅក្នុងតំបន់វ៉េសបេង ដែលបណ្តាលឱ្យមានការខូចខាតខ្លាំងនិងសម្លាប់មនុស្សជាច្រើននាក់៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here