តួកគីសម្លាប់ពួកឃឺដ២៦នាក់ បើទោះជាមានសេក្តីប្រកាសបទឈប់បាញ់គ្នា

0

ប្រទេសតួកគី៖    ក្រសួងការពារជាតិតួកគីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ក្រុមសកម្មប្រយុទ្ធឃឺដ២៦នាក់ក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីកាលពីសប្តាហ៍កន្លងទៅនេះ បើទោះបីជាមានសេចក្តីប្រកាសបទឈប់បាញ់គ្នារបស់គណបក្សពលករឃឺដជាមួយប្រទេសតួកគីកាលពីចុងសប្តាហ៍មុនក៏ដោយ។

ពួកភេរវករសរុប៤៧៨នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មចាប់ពីខែមករា នេះបើតាម លោក ហ្សេគី អាកធួក អ្នកនាំពាក្យក្រសួងការពារជាតិតួកគីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ដោយលោកបានបន្ថែមទៀតថា កងកម្លាំងប្រដាប់អាវុធតួកគីនឹងបន្តប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ជាមួយនឹងការប្តេជ្ញាចិត្ត និងស្មារតីលះបង់រហូតដល់មិនមានពួកភេរវករនៅសេសសល់សូម្បីតែម្នាក់។

ដូចគ្នាផងដែរ កាលពីថ្ងៃព្រហស្បតិ៍ភ្នាក់ងារសារអាណាដូឡូពាក់កណ្តាលផ្លូវរបស់តួកគី ដែលបានដកស្រង់ចេញពីប្រភពអនាមិក រាយការណ៍ថា ក្រសួងការពារជាតិតួកគីបានជំរុញដល់ក្រុមដែលមានទំនាក់ទំនងនឹងគណបក្សពលករឃឺដឱ្យដាក់អាវុធចុះជាប្រញាប់។ ប្រភពបានបន្ថែមថា សេចក្តីប្រកាសបទឈប់បាញ់គ្នារបស់គណបក្សពលករឃឺដគឺមានគោលបំណងបង្កើតភាពច្របូកច្របល់។

ជារឿយៗអាជ្ញាធរតួកគីប្រើពាក្យ “សម្លាប់” នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេដោយចង់សំដៅដល់ “ភេរវករ” ដែលសុំចុះចាញ់ ឬត្រូវបានសម្លាប់ ឬចាប់ខ្លួន។

គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវកម្មដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបះបោរប្រឆាំងរដ្ឋាភិបាលតួកគីអស់រយៈពេល៤ទសវត្សរ៍មកហើយ។

តួកគីបាននិងកំពុងធ្វើប្រតិបត្តិការឆ្លងដែនក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីសំដៅលើទីតាំងលាក់ខ្លួនរបស់សមាជិកគណបក្សពលករឃឺដ និងអង្គភាពការពារប្រជាជនឃឺដស៊ីរី (YGP) ដែលប្រទេសតួកគីចាត់ទុកថាជាខ្សែបណ្តាញរបស់គណបក្សពលករឃឺដ (PKK)។

កាលពីសប្តាហ៍មុន PKK បានប្រកាសបទឈប់បាញ់គ្នាជាមួយប្រទេសតួកគី បន្ទាប់ពីមេដឹកនាំជាប់ពន្ធនាគាររបស់ខ្លួនគឺលោក អាបដូឡាហ អូខាលេន អំពាវនាវឱ្យក្រុមប្រដាប់អាវុធទាំងអស់ដែលមានទំនាក់ទំនងនឹងគណបក្សពលករឃឺដដាក់អាវុធចុះ ហើយរំលាយ PKK ខ្លួនឯង។ ទូរទស្សន៍ក្នុងស្រុក NTV បានរាយការណ៍នៅថ្ងៃសៅរ៍ថា គណៈកម្មាធិការប្រតិបត្តិ PKK បានចេញសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា មិនមានកងកម្លាំងណាមួយរបស់ពួកគេធ្វើសកម្មភាពប្រដាប់អាវុធនោះទេលុះត្រាតែពួកគេត្រូវបានគេវាយប្រហារ។

ក្រោយមកនៅថ្ងៃដដែល លោកប្រធានាធិបតីតួកគី រ៉េស៊ីប ថាយ៉ីប អឺដូហ្កាន បានប្តេជ្ញាបន្តប្រតិបត្តិការយោធាឡើងវិញដើម្បីប្រឆាំងនឹង PKK ប្រសិនបើពួកគេបរាជ័យក្នុងការបំពេញតាមការសន្យា។

ទន្ទឹមនឹងនេះ YPG បានអះអាងថា ការអំពាវនាវរបស់ អូខាលេន មិនពាក់ព័ន្ធនឹងសមាជិករបស់ខ្លួនទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here