ប្រទេសអ៊ីស្រាអែល៖ អ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងដូហានៃប្រទេសកាតា នៅថ្ងៃចន្ទ ដើម្បីជំរុញកិច្ចចរចារក្នុងការបន្តបទឈប់បាញ់គ្នានៅក្នុងតំបន់ហ្គាហ្សា និងការធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលជាច្រើននាក់ដែលធ្វើឡើងដោយក្រុមហាម៉ាស។ នេះបើតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃសៅរ៍នេះ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា អ៊ីស្រាអែលបានទទួលយកការអញ្ចើញពីប្រទេសដែលជាអ្នកសម្រុះសម្រួលដែលគាំទ្រដោយអាមេរិក។
កាលពីព្រឹកថ្ងៃសៅរ៍ ក្រុមហាម៉ាសបាននិយាយថា មានសញ្ញាណវិជ្ជមានទាក់ទងនឹងកិច្ចចរចាក្នុងដំណាក់កាលទី២នៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាក្នុងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យក្រុមហាម៉ាសលោក អាប់ដូល ឡាធីហ្វ អាល ហ្កានូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតាកំពុងដំណើរការដើម្បីបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់គ្នា និងចាប់ផ្តើមចរចាដំណាក់កាលទី២របស់ពួកគេជាមួយនឹងសូចនាករវិជ្ជមាននៅក្នុងកិច្ចការនេះ”។
លោកបានសង្កត់ធ្ងន់លើការត្រៀមខ្លួនជាស្រេចរបស់ក្រុមហាម៉ាសដើម្បីចូលរួមក្នុងកិច្ចចរចាទាំងនេះក្នុងលក្ខណដែលបំពេញតាមការទាមទាររបស់ប្រជាជនប៉ាឡេស្ទីន៕