អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេវាយឆ្មក់នៅក្នុងប្រទេសស៊ីរីក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះរឹបអូសបានគ្រាប់មីស៊ីល និងអាវុធជាច្រើនរបស់កងទ័ពស៊ីរី។
យោធាបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា“កងទ័ពអ៊ីស្រាអែលកំពុងត្រូវបានគេឲ្យបន្តប្រតិបត្តិការជាច្រើន និងត្រូវបានគេដាក់ពង្រាយនៅចំណុចយុត្តិសាស្ត្រជាច្រើនកន្លែងក្នុងប្រទេសស៊ីរី។ កងទ័ពបានរកឃើញទីតាំង រឹបអូស និងរុះរើអាវុធជាច្រើន ក្នុងនោះមានដូចជាកាំភ្លើងវែង គ្រាប់រំសេវ មីស៊ីល និងសម្ភារៈយោធាជាច្រើនផ្សេងទៀត”។
ប្រតិបត្តិការដែលធ្វើឡើងដោយអង្គភាពជាច្រើនក្នុងនោះមានទាហានឆ័ត្រយោង និងកងកម្លាំងរថពាសដែកមានគោលបំណងដើម្បីលុបបំបាត់ការគំរាមកំហែងណាមួយ និងពង្រឹងការការពាររដ្ឋអ៊ីស្រាអែល នេះជាការកត់សម្គាល់របស់យោធា។
អ៊ីស្រាអែលដណ្តើមបានផ្នែកខ្លះនៃតំបន់ហ្គូលេនហាយក្នុងសង្គ្រាមមជ្ឈិមបូព៌ាក្នុងឆ្នាំ១៩៦៧ ហើយក្រោយមកបានបញ្ចូលបន្ថែមទឹកដីនេះក្នុងឆ្នាំ១៩៨១ ដែលជាការផ្លាស់ប្តូរនេះមិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិភាគច្រើន។
ចាប់តាំងលោកប្រធានាធិបតីស៊ីរី អាហមិដ អាល ស្ហារ៉ា ដឹកនាំក្រុមរបស់គាត់ដែលមានឈ្មោះថា ហាយ៉ាត ថារៀរ អាល ស្ហាម និងកងជីវពលផ្សេងទៀតដើម្បីទម្លាក់លោក បាស្ហារ អាលអាសាដ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ប្រទេសអ៊ីស្រាអែលបានពង្រាយកងទ័ពទៅកាន់តំបន់ បន្ថយគ្រោះថ្នាក់នៃសង្គ្រាមដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិដែលបានបង្កើតឡើងនៅក្នុងតំបន់យុត្តិសាស្ត្រតំបន់ហ្គូលេនហាយក្នុងឆ្នាំ១៩៧៤។ ក្រោយមក កងកម្លាំងអ៊ីស្រាអែលដណ្តើមយកបានទីតាំងយុទ្ធសាស្ត្របន្ថែមទៀតក្នុងប្រទេសស៊ីរី ក្នុងនោះរួមមានផ្នែកខ្លះនៃតំបន់ហ្គូលេនហាយដែលគ្រប់គ្រងដោយស៊ីរី និងនៅលើកំពូលលភ្នំហឺរម៉ុន៕