ប្រទេសអ៊ីស្រាអែល៖ តាមប្រភពពីជនជាតិប៉ាឡេស្ទីនបានឲ្យដឹងថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់២នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រក្នុងការវាយប្រហារតាមអាកាសអ៊ីស្រាអែលនៅភាគខាងកើតទីក្រុងហ្គាហ្សា។
ប្រភពពីអ្នកស្រុក និងសាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់អ្នកយកព័ត៌មានថា យន្តហោះគ្មានមនុស្សបើកអ៊ីស្រាអែលបានវាយប្រហារលើស្រុកស្ហូចាអ៊ីយ៉ាដែលប្រមូលផ្តុំដោយជនជាតិប៉ាឡេស្ទីនដែលស្ថិតភាគខាងកើតទីក្រុងហ្គាហ្សាដោយគ្រាប់មីស៊ីលមួយគ្រាប់ដែលជាការវាយប្រហារលើកទី២ក្នុងរយៈពេល២៤ម៉ោង។
ពេទ្យបានប្រាប់អ្នកយកព័ត៌មានថា ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានដឹកសពជនជាតិប៉ាឡេស្ទីនទាំងពីរនាក់ទៅមន្ទីរពេទ្យបន្ទាប់ពីមានការវាយប្រហារតាមអាកាស។
កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសនៅភាគខាងជើងទីក្រុងហ្កាហ្សា “ដើម្បីលុបបំបាត់ការគំរាមកំហែង”។
IDF បាននិយាយថា “ភេរវករជាច្រើននាក់ត្រូវបានកត់សម្គាល់ថាកំពុងធ្វើប្រតិបត្តិការនៅជិតក្រុមទាហានរបស់ IDF និងបង្កប់គ្រឿងផ្ទុះកែច្នៃនៅក្នុងដីនៅភាគខាងជើងតំបន់ហ្កាហ្សា”។
សកម្មភាពទាំងនេះកើតឡើងចំពេលភាពតានតឹងដែលកំពុងបន្តនៅក្នុងទីក្រុងហ្កាហ្សាដោយសារដែលកិច្ចចរចាដំណាក់កាលទី២នៃកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងហាម៉ាសនៅតែជាប់គាំង៕