ប្រទេសប៉ាគីស្ថាន៖ យោធានិយាយថា មន្ត្រីសន្តិសុខប៉ាគីស្ថានសម្លាប់ភេរវករ៣នាក់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតក្នុងស្រុកថេង ខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃសៅរ៍ថា ប្រតិបត្តិការមួយត្រូវបានធ្វើឡើងបន្ទាប់ពីទទួលបានរបាយការណ៍ថាមានវត្តមានពួកភេរវករនៅក្នុងតំបន់នោះ។
ISPR បានបន្ថែមថា កងកម្លាំងសន្តិសុខប្រយុទ្ធគ្នាជាមួយពួកភេរវករនៅទីតាំងរបស់ពួកគេ ជាលទ្ធផលបានសម្លាប់ភេរវករ៣នាក់។ អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសពីពួកភេរវករដែលត្រូវបានសម្លាប់ ដែលពួកគេទាំងនេះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល។
យោធាបានបន្ថែមថា ប្រតិបត្តិការបោសសម្អាតកំពុងដំណើរការដើម្បីកម្ចាត់ការគំរាមកំហែងរបស់ភេរវករដែលនៅសេសសល់ក្នុងតំបន់នេះ។
ប្រធានាធិបតីប៉ាគីស្ថាន អាស៊ីហ្វ អាលី ហ្សាដារី និងនាយករដ្ឋមន្ត្រី ស្ហេបាហ្ស ស្ហារ៉ីហ្វ បានកោតសរសើរដល់កងកម្លាំងសន្តិសុខចំពោះប្រតិបត្តិការដ៏ជោគជ័យរបស់ពួកគេនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ដែលមានខ្លឹមសារថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មនឹងបន្តរហូតទាល់តែការគំរាមកំហែងដោយអំពើភេរវកម្មគ្រប់ប្រភេទត្រូវបានលុបបំបាត់ទាំងស្រុងពីប្រទេសនេះ៕