ប្រទេសនីហ្សេរីយ៉ា៖ មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃសុក្រថា យោធានីហ្សេរីយ៉ាបានសម្លាប់ក្មាន់កាំភ្លើងដែលជាប់សង្ស័យយ៉ាងហោចណាស់៧៤នាក់ និងចាប់ខ្លួនមនុស្ស១៣០នាក់ផ្សេងទៀតនៅទូរទាំងប្រទេសដែលមានប្រជាជនច្រើនរបស់ទ្វីបអាហ្វ្រិកក្នុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ។
លោក ម៉ាកុស ខេងយ៉េ អ្នកនាំពាក្យកងទ័ពនីហ្សេរីយ៉ាបានប្រាប់អ្នកយកព័ត៌មាននៅក្រុងអាប៊ូចា នៃប្រទេសនីហ្សេរីយ៉ាថា ប្រតិបត្តិការទាំងតាមផ្លូវគោក និងផ្លូវអាកាសបានធ្វើឡើងពីថ្ងៃទី៥ដល់ថ្ងៃទី១៣ ខែមីនា ក្នុងការបន្តទទួលខុសត្រូវតាមរដ្ឋធម្មនុញ្ញក្នុងកិច្ចការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននីហ្សេរីយ៉ាទាំងអស់តាមនិតិវិធិនៃការចូលរួម និងក្រមសីលធម៌សម្រាប់ប្រតិបត្តិការសន្តិសុខផ្ទៃក្នុង។
លោក ខេងយ៉េ បាននិយាយថា ក្នុងរយៈពេលនោះ ចំណាប់ខ្មាំងយ៉ាងហោចណាស់មាន៦១នាក់ត្រូវបានដោះលែងក្នុងប្រតិបត្តិការផ្សេងៗគ្នា។ លោកបានបញ្ជាក់ថា ការវាយឆ្មក់ទាំងអស់គឺ “ទទួលបានជោគជ័យ”។
លោក ខេងយ៉េ បានបន្ថែមថា យោធាក៏បានរឹបអូសអាវុធចម្រុះ៧១ដើម និងគ្រាប់កាំភ្លើង ១.២០២គ្រាប់ពីក្រុមជនជាប់សង្ស័យ រីឯភេរវករដែលជាប់សង្ស័យ១៤៣នាក់រួមមានបុរសពេញវ័យ៥នាក់ និងស្ត្រីពេញវ័យ៦៦នាក់ និងកុមារ៧២នាក់បានសុំចុះចូលនឹងកងទ័ពនៅក្នុងពេលប្រយុទ្ធគ្នានៅតំបន់ភាគឦសានរបស់ប្រទេស៕