ប្រទេសយ៉េមែន៖ ទូរទស្សន៍អាល់ម៉ាស៊ីរ៉ាដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធីបានរាយការណ៍ថា ការវាយប្រហារតាមអាកាស៤លើកសំដៅលើទីតាំងមួយចំនួននៅក្នុងតំបន់ អាល ចារ៉ា ភាគខាងជើងរដ្ឋធានីសាណាដែលកាន់កាប់ដោយក្រុមឧទ្ទាមហ៊ូធីនៅយប់ថ្ងៃសៅរ៍។
យោងតាមអ្នកស្រុក ការវាយប្រហារតាមអាកាសនេះធ្លាក់លើឃ្លាំងគ្រាប់រំសេវនិងគ្រាប់រ៉ូកែតនៅឯមូលដ្ឋានយោធាមួយកន្លែង ដែលគេស្គាល់ថាជាតំបន់ដ៏រឹងមាំរបស់មេដឹកនាំក្រុមឧទ្ទាមហ៊ូធី និងអ្នកគាំទ្ររបស់ពួកគេ។ ផ្សែងព័ណ៌សត្រូវបានមើលឃើញថាចេញពីតំបន់នោះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល ត្រាំ បានសរសេរសារនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា លោកបានបញ្ជាឱ្យយោធាអាមេរិកធ្វើ “សកម្មភាពយោធាដ៏អង់អាចនិងក្លាហាន” ប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយ៉េមែន។
មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមឧទ្ទាមហ៊ូធីមិនងាយនឹងបានបង្ហាញព័ត៌មានអំពីការបាត់បង់របស់ពួកគេទេ។
ក្រុមនេះបានរាយការណ៍មុននេះថា ការផ្ទុះគឺជាវាយប្រហារឈ្លានពានលើទីក្រុងសាណា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ៕