ភេរវករ៩នាក់ត្រូវបានសម្លាប់នៅភាគពាយ័ព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ថា ភេរវករ៩នាក់ត្រូវបានសម្លាប់ក្នុងពេលដែលកងកម្លាំងសន្តិសុខប៉ាគីស្ថានធ្វើប្រតិបត្តិការចំនួន២លើកផ្សេងគ្នានៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងនៅក្នុងស្រុកមូហាម៉ាដ និងដេរ៉ាអ៊ីស្មែលខាន់ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយផ្អែកតាមរបាយការណ៍ស៊ើបអង្កេត។

នៅក្នុងប្រតិបត្តិការដំបូងក្នុងស្រុកមូហាម៉ាដ ទាហាន២នាក់ និងពួកសកម្មប្រយុទ្ធ៧នាក់ត្រូវបានសម្លាប់នៅពេលដែលកងកម្លាំងសន្តិសុខបានបើកការវាយឆ្មក់លើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធ។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា នៅក្នុងប្រតិបត្តិការមួយផ្សេងទៀត ក្រុមសកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធជាមួយកងកម្លាំងសន្តសុខ។

កងកម្លាំងសន្តិសុខប៉ាគីស្ថានបានបង្កើនប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានការកើនឡើងនៃការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ភាគពាយ័ព្យ និងភាគនិរតីរបស់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here