ស្លាប់សមាជិកហេបូឡា៣នាក់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់

0

ប្រទេសលីបង់៖ សមាជិកហេបូឡា៣នាក់ស្លាប់ និងម្នាក់របួសកាលពីថ្ងៃអាទិត្យក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅភាគខាងត្បូងប្រទេសលីបង់ នេះបើតាមប្រភពពីមន្ត្រី និងសន្តិសុខលីបង់បាននិយាយ។

ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារលើម៉ូតូមួយគ្រឿងនៅក្នុងភូមិយ៉ាទឺ ស្រុកបីនចេបែល បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

យន្តហោះគ្មានមនុស្សបើកទី២របស់អ៊ីស្រាអែលបានវាយប្រហារចំរថយន្តមួយគ្រឿងនៅចន្លោះរវាងទីប្រជុំជនសាហ្វាដ អាល់ បាទិក និងបារ៉ាឆីត នៃស្រុកបីនចេបែល សម្លាប់មនុស្សម្នាក់។​ រីឯអ្នកស្លាប់ទី៣ត្រូវបានបាញ់សម្លាប់ក្នុងការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើរថយន្តមួយគ្រឿងនៅក្នុងភូមិជូអៃយ៉ា នេះបើតាមភ្នាក់ងារព័ត៌មាន។

ប្រភពពីកម្លាំងសន្តិសុខលីបង់និយាយថា មនុស្សដែលស្លាប់ទាំង៣នាក់គឺជាសមាជិករបស់ក្រុមហេបូឡា។

យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារលើពួកសកម្មប្រយុទ្ធហេបូឡា៣នាក់នៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់។

“ក្រុមសកម្មប្រយុទ្ធនេះជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងបង្កើតឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធភេរវកម្មរបស់ក្រុមហេបូឡា ហើយសកម្មភាពរបស់ពួកគេបានរំលោភបំពានលើការយោគយល់រវាងអ៊ីស្រាអែល​និងលីបង់”  ដែលនេះសំដៅទៅលើបទឈប់បាញ់ដែលបានចូលជាធរមានក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែលបានចូលជាធរមានតាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហារម្តងម្កាលនៅក្នុងប្រទេសលីបង់ ដោយនិយាយថា ពួកគេមានគោលបំណងលុបបំបាត់ការគំរាមកំហែងរបស់ក្រុមហេបូឡា៕

LEAVE A REPLY

Please enter your comment!
Please enter your name here