ស្លាប់២ របួស៥ ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលីបង់

0

ប្រទេសលីបង់៖ យោងតាមប្រភពផ្លូវការ និងប្រភពពីសន្តិសុខបាននិយាយថា មនុស្ស២នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀតរងរបួសកាលពីរសៀលថ្ងៃអង្គារក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលសំដៅលើយានយន្តជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ និងស្រុកឆូហ្វនៃតំបន់ភ្នំលីបង់។

ភ្នាក់ងារសារព័ត៌មានជាតិលីបង់បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានវាយប្រហារលើរថយន្តមួយគ្រឿងនៅចន្លោះភូមិម៉ាកាបា និងភូមិអាដាយសេក្នុងតំបន់ព្រំដែនភាគខាងត្បូងលីបង់។ ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀតត្រូវចំរថយន្តភីកអាប់មួយគ្រឿងនៅក្នុងភូមិសេប្លាញ ស្រុកឆូហ្វ។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៃក្រសួងសុខាភិបាលបាននិយាយថា ការវាយប្រហារនៅលើផ្លូវអាដាយសេឬផ្លូវម៉ាកាបាបានសម្លាប់មនុស្សម្នាក់ ចំណែកឯការវាយប្រហារក្នុងភូមិសេប្លាញបានសម្លាប់មនុស្សម្នាក់ និងបង្ករបួសស្នាមដល់មនុស្ស៥នាក់ផ្សេងទៀត។

ប្រភពពីចារកម្មយោធាលីបង់បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីល៣គ្រាប់ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនៅភូមិសេប្លាញ។

យោធាអ៊ីស្រាអែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសចំនួន២លើកកាលពីថ្ងៃអង្គារ ដែលបានកំណត់គោលដៅលើមនុស្ស២នាក់ ដែលខ្លួនបានចាត់ទុកថាជាសមាជិករបស់ក្រុមហេបូឡា។

ការវាយប្រហារទាំងនេះគឺជាការវាយប្រហារចុងក្រោយបង្អស់របស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់បើទោះបីជាបទឈប់បាញ់បានចូលជាធរមានកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ។ អ៊ីស្រាអែលបាននិយាយថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើ “ការគំរាមកំហែង”  របស់ក្រុមហេបូឡា ហើយទាហានរបស់ខ្លួននៅតែរក្សាវត្តមាននៅទីតាំងសំខាន់ៗចំនួន៥នៅតាមបណ្តោយព្រំដែន បើទោះបីជាថ្ងៃឱសានវាទដកទ័ពចេញបានផុតកំណត់កាលពីថ្ងៃទី១៨ ខែកុម្ភៈក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here