ប្រទេសស៊ីរី៖ មន្ទីរបញ្ចកោណបានវាយប្រហារតាមអាកាសទៅលើគោលដៅមួយចំនួនដែលមានទំនាក់ទំនងជាមួយរដ្ឋឥស្លាមនៅទូរទាំងប្រទេសស៊ីរីកាលពីថ្ងៃសុក្រដើម្បីសងសឹកចំពោះការវាយប្រហារកាលពីពេលថ្មីៗនេះដែលបានសម្លាប់ទាហានអាមេរិក២នាក់ និងជនស៊ីវិលអាមេរិកម្នាក់នៅមជ្ឈិមបូព៌ា នេះបើតាមរដ្ឋលេខាធិការក្រសួងការពារជាតិលោក ភីត ហេកសិត។
លោក ហេកសិត បានសរសេរសារនៅលើបណ្តាញសង្គមអ៊ីក្សថា “នៅមុននេះបន្តិច កងកម្លាំងអាមេរិកបានចាប់ផ្តើមប្រតិបត្តិការ HAWKEYE STRIKE នៅក្នុងប្រទេសស៊ីរីដើម្បីកម្ចាត់អ្នកប្រយុទ្ធ ISIS ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងអាវុធដើម្បីឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហារមកលើកងកម្លាំងអាមេរិកដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងផាលមីរ៉ា ប្រទេសស៊ីរី”។
លោក ហេកសិត និយាយថា “នេះមិនមែនជាការចាប់ផ្តើមនៃសង្គ្រាមទេ។ វាគឺជាការប្រកាសសងសឹក” ។ លោកបានបន្ថែមថា “ថ្ងៃនេះយើងតាមប្រមាញ់ ហើយយើងសម្លាប់សត្រូវរបស់យើង គឺក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។ ហើយយើងនឹងនៅតែបន្តសងសឹករហូត”។
ការវាយប្រហារត្រូវបានគេរំពឹងទុកថាមានរយៈពេលជាច្រើនម៉ោង រហូទដល់ព្រឹកថ្ងៃសៅរ៍ក្នុងប្រទេសស៊ីរី នេះបើតាមសេចក្តីរាយការណ៍របស់ញូវយ៉កថាមស៍។
មន្ទីរបញ្ចកោណ និងកងកម្លាំងដៃគូរបស់ខ្លួនបានធ្វើប្រតិបត្តិការប្រមាណជា១០ប្រតិបត្តិការ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ និងឃុំខ្លួនមនុស្ស២៣នាក់ នេះបើតាមសេចក្តីរាយការណ៍របស់ស៊ីអិនអិន។
កាសែត អាល ថាវរ៉ា របស់ស៊ីរីរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងកម្លាំងអាមេរិកបានបាញ់មីស៊ីលធុនធ្ងន់ចេញពីមូលដ្ឋានរបស់ពួកគេនៅក្នុងទីក្រុងឌៀរ អាលហ្សួរ ទៅលើតំបន់វាលខ្សាច់ភាគខាងកើត និងខាងជើងប្រទេសស៊ីរី៕









