ប្រទេសប៉ាគីស្ថាន៖ យ៉ាងហោចណាស់មន្ត្រីសន្តិសុខ៣នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសនៅពេលដែលគ្រាប់បែកផ្ទុះត្រូវរថយន្តរបស់កម្លាំងសន្តិសុខនៅស្រុកខាយប័រ ខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់ប៉ូលិសកាលពីថ្ងៃសៅរ៍។
យោងតាមប៉ូលិសបានឱ្យដឹងថា រថយន្តដឹកកងកម្លាំងសន្តិសុខមួយគ្រឿងបានធ្វើដំណើរឆ្លងកាត់តំបន់បាកាមបាខែល ក្នុងស្រុកខាយប័រនៅពេលដែលគ្រាប់បែកត្រូវបានគេបំផ្ទុះដោយឧបករណ៍បញ្ជាពីចម្ងាយ។
ប៉ូលិសនិយាយថា ការផ្ទុះនេះគឺបណ្តាលមកពីឧបករណ៍បំផ្ទុះកែច្នៃ។
ប៉ូលិសនិយាយថា ការផ្ទុះនេះក៏បានបំផ្លាញរថយន្តជាច្រើននៅក្បែរនោះ និងបង្កឱ្យមានការភ័យស្លន់ស្លោនៅក្នុងតំបន់នោះផងដែរ។ មន្ត្រីសន្តិសុខគឺជាគោលដៅនៃការបំផ្ទុះនេះ។
មន្ត្រីសន្តិសុខដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីពេទ្យនៅក្បែរនោះ។
បន្ទាប់ពីហេតុការនេះ កងកម្លាំងសន្តិសុខចម្រុះ រួមជាមួយនឹងក្រុមដោះគ្រាប់មីនបានទៅដល់កន្លែងកើតហេតុ និងបានដាក់ខ្សែរង្វង់សុវត្ថិភាពបិទតំបន់នោះ។
ពុំទាន់មានក្រុមឬបុគ្គលណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕









