ប្រទេសប៉ាគីស្ថាន៖ ពួកសកម្មប្រយុទ្ធ៦នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការសន្តិសុខរួមគ្នានៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍ នេះបើតាមការលើកឡើងរបស់ប៉ូលិស។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរួមគ្នាដោយប៉ូលិសមកពីនាយកដ្ឋានប្រឆាំងភេរវកម្ម និងគណៈកម្មាធិការសន្តិភាពក្នុងស្រុកដែលមានមូលដ្ឋាននៅក្នុងស្រុកឡាគីម៉ាវ៉ាត បន្ទាប់ពីខាងចារកម្មរាយការណ៍អំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធ។
ប៉ូលិសបាននិយាយថា ពួកសកម្មប្រយុទ្ធបានកំណត់គោលដៅវាយប្រហារលើតំបន់ជនស៊ីវិលម្តងហើយម្តងទៀតដោយប្រើយន្តហោះគ្មានមនុស្សបើកដែលបណ្តាលឱ្យជនស៊ីវិលជាច្រើននាក់រងរបួស។
កងកម្លាំងសន្តិសុខបានដាក់ខ្សែរង្វង់សុវត្ថិភាពបិទតំបន់នោះ ហើយចាប់ផ្តើមប្រតិបត្តិការរុករក និងបោសសម្អាត៕









