ប្រទេសប៉ាគីស្ថាន៖ ពួកសកម្មប្រយុទ្ធ៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរបស់ប៉ូលិសមកពីនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) ក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធ នេះបើតាមសេចក្តីថ្លែងការផ្លូវការ។
នាយកដ្ឋានប្រឆាំងភេរវកម្មនិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់ បន្ទាប់ពីការស៊ើបអង្កេតដែលបានបញ្ជាក់អំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាននៅក្នុងតំបន់នោះ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ក្រុមការងាររបស់នាយកដ្ឋានបានបិទទីតាំងដោយព័ទ្ធខ្សែរង្វង់សុវត្ថិភាពដើម្បីចាប់ខ្លួនជនសង្ស័យ ប៉ុន្តែការបាញ់ប្រហារគ្នាបានកើតឡើងនៅពេលដែលពួកសកម្មប្រយុទ្ធព្យាយាមរត់គេចខ្លួន។ បុគ្គលិកសន្តិសុខបានបាញ់តបតវិញដើម្បីការពារខ្លួន ដែលជាលទ្ធផលបានសម្លាប់ពួកសកម្មប្រយុទ្ធទាំង៣នាក់។
តាមព័ត៌មានផ្លូវការបានឲ្យដឹងថា ពួកសកម្មប្រយុទ្ធដែលស្លាប់ទាំងនេះជាប់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើកលើប៉ូលិស និងកងកម្លាំងសន្តិសុខ។
CTD បានបន្ថែមថា អាវុធ និងគ្រឿងផ្ទុះ ក្នុងនោះមានកាំភ្លើងវែង៣ដើម បង់គ្រាប់ជាច្រើន គ្រាប់បែកដៃ និងគ្រាប់រំសេវ គឺត្រូវបានរឹបអូសពីទីតាំងកើតហេតុផងដែរ។
អាជ្ញាធរបាននិយាយថា ប្រតិបត្តិការស្រាវជ្រាវនិងស៊ើបអង្កេតនៅក្នុងតំបន់ត្រូវបានបង្កើនឡើងបន្ថែមទៀត ចំពេលមានការព្រួយបារម្ភអំពីវត្តមាននៃពួកសកម្មប្រយុទ្ធបន្ថែមទៀត និងអ្នកសម្របសម្រួលរបស់ពួកគេ៕









