ភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ៤នាក់នៅក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅស្រុកកាឡាត ខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន នេះបើតាមយោធាបាននិយាយកាលពីយប់ថ្ងៃពុធ។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីមានវត្តមានរបស់ពួកសកម្មប្រយុទ្ធនៅក្នុងតំបន់។

 ក្នុងពេលប្រតិបត្តិការ កងកម្លាំងសន្តិសុខបានសម្រុកចូលទីតាំងលាក់ខ្លួនដែលគេសង្ស័យ ដែលនាំឱ្យមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំងក្លាបណ្តាលឲ្យភេរវករ៤នាក់ត្រូវបានសម្លាប់។

យោធានិយាយថា“អាវុធ និងគ្រាប់រំសេវជាច្រើនត្រូវបានរឹបអូសពីទីតាំងកើតហេតុ។

ភេរវករដែលស្លាប់ទាំងនេះជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មជាច្រើននៅក្នុងតំបន់

ISPR និយាយថា កងកម្លាំងសន្តិសុខក៏បានធ្វើប្រតិបត្តិការបោសសម្អាតនៅក្នុងតំបន់ដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់ក្នុងតំបន់នេះ។

 យោធាបាននិយាយថា យុទ្ធនាការប្រឆាំងភេរវកម្មរបស់ប្រទេសនឹងបន្តក្នុងល្បឿនយ៉ាងពេញលេញ ដើម្បីកម្ចាត់អំពើភេរវកម្មដែលឧបត្ថម្ភដោយបរទេសចេញពីប្រទេសនេះឲ្យអស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here