ប្រទេសសូម៉ាលី៖ កងទ័ពជាតិសូម៉ាលី (SNA) បានវាយបករុញច្រានការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាបលើមូលដ្ឋានយោធានៅតំបន់ភាគកណ្តាល-ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាល។
ក្រសួងការពារជាតិបាននិយាយថា ប្រតិបត្តិការទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យសន្តិសុខ និងស៊ើបអង្កេត កំពុងដំណើរការដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់នៅក្នុងតំបន់ចាបាដ ហ្កូដេន ដើម្បីការពារការបង្កើតក្រុមឡើងវិញ និងដើម្បីធានាឱ្យបាននូវសុវត្ថិភាពដល់សហគមន៍ក្នុងតំបន់។
“ពេលនេះកងទ័ពជាតិសូម៉ាលីបានគ្រប់គ្រងតំបន់នេះទាំងស្រុង បន្ទាប់ពីវាយប្រហារផ្តាច់ព្រាត់ជាមួយសត្រូវ និងធ្វើឱ្យសត្រូវចាញ់យ៉ាងធ្ងន់ធ្ងរ” នេះបើតាមការលើកឡើងរបស់ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍ពីរដ្ឋធានីម៉ូហ្កាឌីស្យូ ដោយមិនបញ្ចេញតួលេខអ្នកស្លាប់និងរបួស។
ក្រុមអាល់ស្ហាបាប ដែលព្យាយាមផ្តួលរំលំរដ្ឋាភិបាលសូម៉ាលីដែលទទួលស្គាល់ជាអន្តរជាតិ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋាន៤កន្លែងនៅក្បែរស្រុកវ៉ាស្ហៀក។ ក្រុមនេះត្រូវបានគេចោទប្រកាន់ថាបានសម្លាប់ទាហាន២១នាក់ ធ្វើឲ្យមនុស្ស១១នាក់មានរបួស ហើយរឹបអូសរថពាសដែក និងអាវុធ។
ប្រតិបត្តិការយោធាចុងក្រោយលេចរូបរាងឡើងនៅពេលដែលកងកម្លាំងសន្តិសុខសូម៉ាលីកំពុងបង្កើនការវាយប្រហារប្រឆាំងនឹងពួកសកម្មប្រយុទ្ធអាល់ស្ហាបាបនៅទូទាំងប្រទេសសូម៉ាលី។ កងទ័ពរដ្ឋាភិបាលដែលគាំទ្រដោយដៃគូអន្តរជាតិបានធ្វើប្រតិបត្តិការរួមគ្នាដើម្បីធានា និងពង្រឹងការគ្រប់គ្រងនៅតំបន់ភាគកណ្តាល និងភាគខាងត្បូង៕









