កម្លាំងសូម៉ាលីសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហាបាប១៣០នាក់

0

ប្រទេសសូម៉ាលី៖ សូម៉ាលីបានបញ្ជាក់ថា កម្លាំងសន្តិសុខសូម៉ាលីបានសម្លាប់ក្រុមសកម្មប្រយុទ្ធអាល់ស្ហារបាបមិនតិចជាង ១៣០នាក់ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវនៅតំបន់ភាគខាងត្បូងនៃប្រទេសនៅថ្ងៃពុធ។

ក្រសួងការពារជាតិបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កម្លាំងពិសេសរបស់កងទ័ពជាតិសូម៉ាលី គាំទ្រដោយកម្លាំងសន្តិសុខចូបាឡេន និងដៃគូអន្តរជាតិ បានបង្ក្រាបការវាយប្រហារលើមូលដ្ឋានយោធានៅលើកោះយុទ្ធសាស្ត្រគូដេ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅក្នុងរដ្ឋធានីម៉ូហ្កាឌីស្យូ ប្រទេសូម៉ាលីមានខ្លឹមសារថា សន្តិសុខនៅក្នុងតំបន់គូដេ និងតំបន់ជុំវិញ គឺស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់កងទ័ពជាតិសូម៉ាលីដែលនៅតែមានការប្រុងប្រយ័ត្នជានិច្ចនិងបន្តប្រតិបត្តិការរក្សាស្ថិរភាពដើម្បីការពារមិនឱ្យមានការគំរាមកំហែងផ្សេងទៀត។​

ក្រសួងបាននិយាយថា រថយន្តយោធានិងអាវុធដែលត្រូវបានទុកចោលដោយក្រុមសកម្មប្រយុទ្ធរត់គេចខ្លួនដែលមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារអត្តឃាតត្រូវបានរឹបអូស។

អ្នកស្រុកបាននិយាយថា ជនដៃដល់បានចាប់ផ្តើមវាយប្រហារនៅព្រឹកថ្ងៃពុធ និងបានបន្តអស់រយៈពេល២៤ម៉ោង ដែលចាប់ផ្តើមដោយការបំផ្ទុះមុនការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ។

ក្រុមសកម្មប្រយុទ្ធអាល់ ស្ហារបាប អះអាងថាបានសម្លាប់ទាហាន ១១៣នាក់ បង្ករបួសមនុស្ស៤៧នាក់ និងចាប់ខ្លួនទាហាន១៧នាក់បន្ទាប់ពីគ្រប់គ្រងតំបន់នោះទាំងស្រុង។

ប្រតិបត្តិការរួមគ្នាចុងក្រោយធ្វើឡើងនៅពេលដែលកម្លាំងសន្តិសុខសូម៉ាលីបានបង្កើនការវាយប្រហារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល ស្ហារបាប នៅទូទាំងប្រទេសសូម៉ាលីកាលពីពេលថ្មីៗនេះ។

ទាហានក្នុងតំបន់ គាំទ្រដោយដៃគូអន្តរជាតិ បានធ្វើប្រតិបត្តិការរួមគ្នានៅក្នុងតំបន់កណ្តាល និងតំបន់ភាគខាងត្បូងខណៈដែលកម្លាំងរដ្ឋាភិបាលបានផ្លាស់ទីដើម្បីទទួលបានទីតាំងឈរជើងមួយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here