ប្រទេសអ៊ីរ៉ាក់៖ ក្រសួងប្រឆាំងភេរវកម្មអ៊ីរ៉ាក់ (CTS) បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួនបានចាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣នាក់ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តអានបា និងខេត្តសូឡាយម៉ានីយ៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងនិយាយថា ជនសង្ស័យ២នាក់ត្រូវបានឃុំខ្លួននៅខេត្តអានបាភាគខាងលិចប្រទេសដែលធ្លាប់ជាបន្ទាយដ៏រឹងមាំរបស់ក្រុមជ្រុលនិយម។ ជនសង្ស័យម្នាក់ក្នុងចំណោមពួកគេធ្លាប់ធ្វើការជាមន្ត្រីសន្តិសុខនៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងបានចូលរួមក្នុងសិក្ខាសាលាផលិតគ្រាប់បែក។
ជនសង្ស័យទី៣ត្រូវបានចាប់ខ្លួនក្រោមកិច្ចសហការជាមួយកងកម្លាំងសន្តិសុខឃឺដក្នុងខេត្តសូឡាយម៉ានីយ៉ា នៅក្នុងតំបន់ឃឺដពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់។
ប្រទេសអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុមរដ្ឋអ៊ីស្លាមនៅឆ្នាំ២០១៧ ប៉ុន្តែសមាជិកដែលនៅសេសសល់របស់ក្រុមនេះនៅតែបន្តវាយប្រហារលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល ជាពិសេសនៅក្នុងទីក្រុង តំបន់វាលខ្សាច់ និងតំបន់ដាច់ស្រយាល។ អាជ្ញាធរបានប្រកាសពីការចាប់ខ្លួនពួកសកម្មប្រយុទ្ធសង្ស័យជាបន្តបន្ទាប់៕









