ស្លាប់៨នាក់ក្នុងការវាយប្រហារប្រដាប់អាវុធចំនួន៤លើកក្នុងប្រទេសអេក្វាទ័រ

0

ទីក្រុងគីតូ៖ មនុស្សយ៉ាងហោចណាស់៨នាក់ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធចំនួន៤លើកកាលពីយប់ថ្ងៃអាទិត្យនៅក្នុងទីក្រុងម៉ានតា និងទីក្រុងម៉ុងតេគ្រីស្ទី ក្នុងខេត្តម៉ាណាប៊ី ប្រទេសអាក្វាទ័រ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទ។

 យោង​តាម​របាយការណ៍​ដែលដកស្រង់ខ្លឹមសារពី​ការ​ស៊ើបអង្កេត​របស់​ប៉ូលិសបានឲ្យដឹងថា ការបាញ់ប្រហារបានកើតឡើងក្នុងសង្កាត់ជាច្រើននៅចន្លោះម៉ោង៧:៥០នាទី និងម៉ោង១០:៥០នាទីយប់ ម៉ោងក្នុងស្រុក។

ការវាយប្រហារលើកទី១កើតឡើងនៅក្នុងតំបន់ឡសអាតេសាណូស ទីក្រុងម៉ុងតេគ្រីស្ទី ជាកន្លែងដែលគូស្វាមីភរិយាត្រូវបានបាញ់សម្លាប់ក្នុងពេលកំពុងដើរតាមផ្លូវ។ ប៉ុន្មាននាទីក្រោយមក នៅទីក្រុងម៉ានតា បុរសម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងពេលអង្គុយលេងនៅខាងក្រៅក្នុងសង្កាត់ដឺអុកទូប្រេ១២។ ប៉ូលិសបានចាប់ឃុំខ្លួនជនសង្ស័យម្នាក់ និងបានដកហូតបង់គ្រាប់៩មីលីម៉ែត្រ។

ឧបទ្ទវហេតុលើកទី៣កើតឡើងនៅសង្កាត់បេឡាវីស្តា ក្នុងទីក្រុងម៉ានតា នៅពេលដែលអ្នកវាយប្រហារបានចូលទៅក្នុងផ្ទះមួយខ្នង ហើយបាញ់បុរសម្នាក់ក្នុងអំឡុងកម្មវិធីជួបជុំគ្រួសារ។ អ្នកជិតខាងបានចាប់ខ្លួនជនដៃដល់ដែលកំពុងមានរបួស។

ការវាយប្រហារចុងក្រោយត្រូវបានគេរាយការណ៍នៅម៉ោងប្រមាណ ១០:៥០នាទីយប់នៅសហគមន៍កាតូលិក លីអូនីដាស ប្រូណូ ក្នុងទីក្រុងម៉ុងតេគ្រីស្ទី ជាកន្លែងដែលក្មាន់កាំភ្លើងបាញ់ស្រោចពីក្នុងរថយន្ត២គ្រឿងទៅលើក្រុមមនុស្សមួយក្រុម បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និង៥នាក់រងរបួស។

ដោយមានឧបទ្ទវហេតុទាំងនេះ ទីក្រុងម៉ានតា ដែលជាកំពង់ផែ និងតំបន់ទេសចរណ៍ដ៏សំខាន់មួយ បានកត់ត្រាការស្លាប់ដោយអំពើរហិង្សាចំនួន៥១នាក់នៅក្នុងខែមករា ឆ្នាំ២០២៦ នេះបើតាមទិន្ន័យផ្លូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here