ប្រទេសអ៊ីរ៉ាក់៖ កាលពីថ្ងៃអង្គារកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដ៏គ្រោះថ្នាក់ម្នាក់ដែលពាក់ខ្សែរក្រវ៉ាត់បំផ្ទុះនៅខេត្តអានបាភាគខាងលិចប្រទេសដែលនេះជាការទប់ស្កាត់ការប៉ុនប៉ងបំផ្ទុះគ្រាប់បែកអត្តឃាត នេះបើយោងតាមប្រភពផ្លូវការ។
ក្រសួងសន្តិសុខជាតិអ៊ីរ៉ាក់ (INSS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការចាប់ខ្លួននេះធ្វើឡើងដោយផ្អែកលើព័ត៌មានសម្ងាត់ជាក់លាក់មួយ បន្ទាប់ពីការត្រួតពិនិត្យ និងតាមដានយ៉ាងដិតដល់ពីការបម្លាស់ទីរបស់ភេរវកររូបនោះ។
លោកឧត្តមសេនីយ៍ឯក អាលី អាលអាសាហ្វី នៃបញ្ជាការប៉ូលិសខេត្តបានប្រាប់អ្នកយកព័ត៌មានថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅក្នុងភោជនីយដ្ឋានមួយកន្លែង។ អ្នកជំនាញខាងគ្រឿងផ្ទុះបានដោះខ្សែរក្រវ៉ាត់អត្តឃាតបានយ៉ាងជោគជ័យដោយមិនបង្កឱ្យមានអ្នកស្លាប់ឬរងរបួស រីឯកងកម្លាំងទ័ព និងប៉ូលិសបានរាយខ្សែរង្វង់សុវត្ថិភាពព័ទ្ធទីតាំងនោះ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងជាងមុនចាប់តាំងពីការបរាជ័យរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានលួចចូលទៅក្នុងកណ្តាលទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយធ្វើការវាយឆ្មក់ជាញឹកញាប់លើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕









