សមាជិកក្រុមហេបូឡាត្រូវបានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល   

0

ប្រទេសលីបង់៖ សមាជិកហេបូឡាម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ នេះបើតាមប្រភពផ្លូវការ និងប្រភពពីសន្តិសុខលីបង់។

 ភ្នាក់ងារសារព័ត៌មានជាតិលីបង់ផ្លូវការបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿងបានវាយប្រហារតាមអាកាសដោយកំណត់គោលដៅលើមនុស្សម្នាក់ ដែលកំពុងធ្វើការងារថែទាំនៅលើដំបូលផ្ទះមួយក្នុងភូមិរ៉ាបអែលថាឡាធិន ស្រុកម៉ាជេយ៉ុន ភាគអាគ្នេយ៍ប្រទេសលីបង់។

ប្រភពពីសន្តិសុខលីបង់បានកំណត់អត្តសញ្ញាណជនរងគ្រោះថាជា អាមាដ ហ្វាគី ដែលជាសមាជិកក្រុមហេបូឡា។ យោងតាមប្រភពបានឲ្យដឹងថា កងទ័ពលីបង់កំពុងតែធ្វើការពង្រឹងទីតាំងមួយដែលខ្លួនបង្កើតឡើងកាលពីថ្ងៃសុក្រនៅខាងកើតភូមិហូឡាដែលនៅក្បែរព្រំដែន ដែលមានចម្ងាយប្រមាណ៧០០ម៉ែត្រពីទីតាំងរបស់អ៊ីស្រាអែលដោយរៀបចំឡើងខាងប្រទេសលីបង់ទល់មុខតំបន់លំនៅដ្ឋានមីសហ្កាវអាម។

ការវាយប្រហារនេះគឺជាផ្នែកមួយនៃការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលមកលើប្រទេសលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហេបូឡា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនិងបារាំង ដែលចូលជាធរមានតាំងពីថ្ងៃទី២៧​ ខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ។

បើទោះបីជាមានកិច្ចព្រមព្រៀងនេះក៏ដោយ ក៏កងទ័ពអ៊ីស្រាអែលវាយប្រហារតាមអាកាសម្តងម្កាលទៅលើប្រទេសលីបង់ ដោយអះអាងថាខ្លួនមានចង់លុបបំបាត់ការគំរាមកំហែង

របស់ក្រុមហេបូឡា ហើយកងទ័ពអ៊ីស្រាអែលនៅបន្តរក្សាកងកម្លាំងនៅចំនុចសំខាន់ៗចំនួន៥កន្លែងតាមបណ្តោយព្រំដែនប្រទេសលីបង់ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here