ប្រទេសលីបង់៖ មនុស្សម្នាក់ត្រូវបានសម្លាប់ និង៨នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ នេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងសុខាភិបាលលីបង់។
យោងតាមក្រសួងបានឲ្យដឹងថា មនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើរថយន្តមួយគ្រឿងនៅក្នុងតំបន់អានសារីយ៉ា ចំណែកឯមនុស្ស៤នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរថយន្តមួយគ្រឿងនៅក្នុងស្រុកថាយ។
នៅមុននេះ លោក អាវីឆៃ អាដ្រេ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល បានចេញសេចក្តីប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ីក្សក្រើនរំលឹកឲ្យជម្លៀសខ្លួនអ្នកស្រុកនៅភាគខាងត្បូងប្រទេសលីបង់ជាបន្ទាន់ ជាពិសេសនៅក្នុងភូមិឃេហ្វា តេបនីត និងភូមិអេន កាណា ដែលនឹងត្រូវវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហេបូឡានៅទីនោះ។
ក្រោយមក យោធាអ៊ីស្រាអែលបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយប្រហារលើឃ្លាំងផ្ទុកអាវុធរបស់ក្រុមហេបូឡាជាច្រើនកន្លែងនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីការពាររាល់ការប៉ុនប៉ងបង្កើតក្រុមនេះឡើងវិញ។
ពាក់ព័ន្ធនឹងការវាយប្រហារនៅអានសារីយ៉ា យោធាបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ដែលបានអះអាងថា វាជាការឆ្លើយតបទៅនឹងការរំលោភបំពានលើកិច្ចព្រមព្រៀងឈប់បាញ់របស់ក្រុមហេបូឡា ហើយអ្នកស្លាប់ទាំងនោះគឺ ”ជាប់ពាក់ព័ន្ធនៅក្នុងការបង្កើតរចនាសម្ព័ន្ធយោធាហេបូឡាឡើងវិញ”។
កងទ័ពអ៊ីស្រាអែលវាយប្រហារជាញឹកញាប់ទៅលើប្រទេសលីបង់ ដោយអះអាងថាពួកគេមានគោលបំណងលុបបំបាត់ “ការគំរាមកំហែង” របស់ក្រុមហេបូឡា ទោះបីជាបទឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែលបានចូលជាធរមាននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ៕









