ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ២៤នាក់ក្នុងអំឡុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតចំនួន២លើកដាច់ដោយឡែកពីគ្នាដែលធ្វើឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ នៅខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់យោធាកាលពីថ្ងៃសុក្រ។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការទាំង២លើកនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកអូរ៉ាកហ្សាយ និងស្រុកខាយប័រ។
នៅក្នុងស្រុកអូរ៉ាកហ្សាយ កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍អំពីវត្តមានរបស់ពួកសកម្មប្រយុទ្ធ។ ភេរវករ១៤នាក់ត្រូវបានសម្លាប់ក្នុងពេលបាញ់ប្រហារគ្នា នេះបើតាមសេចក្តីថ្លែងការណ៍។
ប្រតិបត្តិការមួយផ្សេងទៀតនៅក្នុងស្រុកខាយប័របណ្តាលឲ្យពួកសកម្មប្រយុទ្ធ១០នាក់ស្លាប់បន្ទាប់ពីការបាញ់ប្រហារគ្នា។
ISPR និយាយថា ប្រតិបត្តិការបោសសម្អាតកំពុងដំណើរការដើម្បីកម្ចាត់ពួកសកម្មប្រយុទ្ធដែលនៅសេសសល់ ដែលនេះជាការប្តេជ្ញាចិត្តរបស់កងកម្លាំងសន្តិសុខក្នុងការការពារប្រទេស៕









