ប្រទេសអ៊ីស្រាអែល៖ មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃចន្ទក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងហានីន ភាគខាងត្បូងប្រទេសលីបង់ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ភ្នាក់ងារព័ត៌មានជាតិលីបង់បានរាយការណ៍ថា ការវាយប្រហារបានកើតឡើងនៅពេលដែលលោក ម៉ូហាម៉ាដ តាស៊ីន ហ៊ូសេន ហ្កាសហ្កាស កំពុងបញ្ឆេះរថយន្តដឹកអ្នកដំណើររបស់គាត់ដែលចតទុកក្បែររថយន្ត SUV នៅខាងមុខផ្ទះ ក្នុងគោលបំណងដឹកសិស្សទៅសាលារៀន។
ភ្នាក់ងារព័ត៌មានជាតិបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់មីស៊ីលជាច្រើនគ្រាប់បណ្តាលឱ្យគាត់ស្លាប់ និងឆេះរថយន្តទាំងពីរគ្រឿង។
យោធាអ៊ីស្រាអែលបានបញ្ជាក់ពីឧបទ្ទវហេតុនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃជាមួយគ្នាដោយអះអាងថា ខ្លួនបានកម្ចាត់ “ភេរវករម្នាក់” នៅក្នុងទីក្រុងហានីន ដោយចោទប្រកាន់ថាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតរចនាសម្ព័ន្ធក្រុមហេបូឡា ដែលសកម្មភាពនេះជាការរំលោភបំពានលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់។
កិច្ចព្រមព្រៀងឈប់បាញ់រវាងក្រុមហេបូឡា និងអ៊ីស្រាអែល បានចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ ក៏អ៊ីស្រាអែលនៅតែវាយប្រហារម្តងម្កាលនៅក្នុងប្រទេសលីបង់ ដោយអះអាងថាខ្លួនមានគោលបំណងលុបបំបាត់ “ការគំរាមកំហែង” របស់ក្រុមហេបូឡា៕









