ការវាយប្រហាររបស់ក្រុម IS សម្លាប់កងសន្តិសុខស៊ីរី៤នាក់នៅជិតខេត្តរ៉ាកា

0

ប្រទេសស៊ីរី៖ ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS)​ បានសម្លាប់សមាជិកកងកម្លាំងសន្តិសុខផ្ទៃក្នុងស៊ីរី ៤នាក់នៅចំណុចត្រួតពិនិត្យភាគខាងលិចនៃទីក្រុងរ៉ាកាកាលពីថ្ងៃចន្ទ នេះបើតាមការលើកឡើងរបស់សន្តិសុខស៊ីរី។

ប្រភពបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារនេះបានកំណត់គោលដៅលើចំណុចត្រួតពិនិត្យសាបាហ៊ីយ៉ា ដោយមិនបានលម្អិតបន្ថែមអំពីរបៀបនៃការវាយប្រហារ ឬថាតើអ្នកវាយប្រហារត្រូវបានចាប់ខ្លួន ឬត្រូវសម្លាប់នោះទេ។

ឧបទ្ទវហេតុនេះគូសបញ្ជាក់ពីបញ្ហាប្រឈមនៃសន្តិសុខដែលយូរអង្វែងនៅភាគខាងជើងប្រទេសស៊ីរី ជាកន្លែងដែលក្រុមតូចៗរបស់ IS បង្កប់ខ្លួននៅរាយប៉ាយ នៅតែបន្តវាយឆ្មក់ម្តងម្កាល ទោះបីជាក្រុមនេះបរាជ័យក្នុងទឹកដីនេះកាលពីឆ្នាំ២០១៩ក៏ដោយ។

ទីក្រុងរ៉ាកា ដែលធ្លាប់ជារដ្ឋធានីនៃរដ្ឋកាលីហ្វដែលប្រកាសដោយពួក IS ខ្លួនឯង ត្រូវបានគេមើលឃើញថាមានការវាយប្រហារជាប្រចាំលើចំណុចត្រួតពិនិត្យ ការយាមល្បាត និងមន្ត្រីមូលដ្ឋានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅតំបន់ជនបទជុំវិញទីក្រុង។

ទីក្រុងរ៉ាកាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរបណ្តោះអាសន្នរបស់ប្រទេសស៊ីរីនៅដើមឆ្នាំនេះ បន្ទាប់ពីមានការដកថយរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយពួកឃឺដ ក្រោមកិច្ចព្រមព្រៀងលើផ្នែករដ្ឋបាល​ និងសន្តិសុខដ៏ទូលំទូលាយមួយដែលមានគោលបំណងកាត់បន្ថយភាពតានតឹងនៅភាគខាងជើងប្រទេសស៊ីរី។

ចាប់តាំងពីពេលនោះមក អង្គភាពសន្តិសុខរបស់រដ្ឋាភិបាលបានដាក់ពង្រាយនៅទូទាំងទីក្រុងរ៉ាកា ​និងនៅជនបទជុំវិញទីក្រុង​ ដោយសារអាជ្ញាធរព្យាយាមស្តារស្ថាប័នរដ្ឋ និងទប់ស្កាត់ការងើបឡើងវិញរបស់ពួក IS នៅក្នុងតំបន់ដែលងាយរងគ្រោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here