ប្រទេសតួកគី៖ អាជ្ញាធរតួកគីបានឃុំខ្លួនបុគ្គល១១នាក់នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអង្គារដោយសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) និងបានចែកចាយការឃោសនាជ្រុលនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ការចាប់ខ្លួននេះត្រូវធ្វើឡើងបន្ទាប់ពីមានការស៊ើបអង្កេតដែលសម្របសម្រួលដោយផ្នែកចារកម្ម និងប្រឆាំងភេរវកម្មនៃនាយកដ្ឋានប៉ូលិសអ៊ីស្តង់ប៊ុលដែលធ្វើឡើងក្រោមការត្រួតពិនិត្យរបស់ការិយាល័យរដ្ឋអាជ្ញាសាធារណៈអ៊ីស្តង់ប៊ុល។
ការិយាល័យរដ្ឋអាជ្ញាបានលើកឡើងថា ការស៊ើបអង្កេតបានកំណត់អត្តសញ្ញាណ និងអាសយដ្ឋានរបស់ជនសង្ស័យ ដោយរកឃើញបណ្តាញមួយដែលមានទំនាក់ទំនងនឹងសកម្មភាព IS។
ប៉ូលិសបានឃុំខ្លួនជនសង្ស័យទាំង១១នាក់ ដើម្បីសួរចម្លើយបន្ថែម។ មន្ត្រីបាននិយាយថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីការពារសកម្មភាពភេរវកម្ម និងទប់ស្កាត់ការឃោសនាជ្រុលនិយមតាមអនឡាញនៅក្នុងទីក្រុង។
គួរំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានកំណត់ក្រុម IS ថាជាអង្គការភេរវកម្មក្នុងឆ្នាំ២០១៣ ហើយចាប់តាំងពីពេលនោះមក ក្រុមនេះបានកំណត់គោលដៅវាយប្រហារជាច្រើនលើកមកលើរដ្ឋាភិបាល។ ជាការឆ្លើយតប ទីក្រុងអង់ការ៉ាបានចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្មទាំងនៅក្នុងស្រុក និងនៅបរទេស៕









