ប្រទេសអ៊ីរ៉ង់៖ មនុស្សយ៉ាងហោចណាស់ ៥៥៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ចាប់តាំងពីព្រឹកថ្ងៃសៅរ៍ នេះបើតាមសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ (IRCS) និយាយនៅថ្ងៃចន្ទ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន IRCS បានកត់សម្គាល់ថា ស្រុកចំនួន១៣១របស់អ៊ីរ៉ង់ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារជាច្រើនលើក។
អ្នកសង្គ្រោះប្រមាណ ១០០.០០០នាក់គឺមានការប្រុងប្រយ័ត្នខ្ពស់នៅទូទាំងប្រទេស ហើយប្រតិបត្តិការជួយសង្គ្រោះ និងផ្តល់ជំនួយ ក៏ដូចជាការបញ្ជូនអ្នករងរបួសទៅកាន់មន្ទីពេទ្យកំពុងដំណើរការ នេះបើតាមសេចក្តីថ្លែងការណ៍។
អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហាររួមគ្នាទៅលើទីក្រុងតេហេរ៉ង់ និងទីក្រុងជាច្រើនទៀតរបស់អ៊ីរ៉ងកាលពីព្រឹកថ្ងៃសៅរ៍ ដែលបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេសគឺលោក អាលី ខាម៉េននី ក៏ដូចជាសមាជិកគ្រួសារមួយចំនួនរបស់មេដឹកនាំ មេបញ្ជាការកំពូល និងជនស៊ីវិល។ អ៊ីរ៉ងបានឆ្លើយតបវិញតាមរយៈបាញ់មីស៊ីលជាច្រើនគ្រាប់ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើមូលដ្ឋានកងទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតំបន់អាស៊ីខាងលិច។
យោងតាមភ្នាក់ងារសារព័ត៌មានសាធារណៈរដ្ឋឥស្លាម (IRNA) បានរាយការណ៍ថា នៅថ្ងៃសៅរ៍សាលាសម្រាប់សិស្សស្រីនៅខេត្តភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ហ័រម៉ូហ្កាន ត្រូវបានកំណត់គោលដៅវាយប្រហារពីអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦៥នាក់ស្លាប់ និង៩៥នាក់រងរបួស។
មន្ទីពេទ្យមួយកន្លែងនៅភាគខាងជើងទីក្រុងតេហេរ៉ង់ ជាពិសេសសាលទារកទើបនឹងកើតរបស់មន្ទីពេទ្យរងការបំផ្លាញដោយការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែលកាលពីយប់ថ្ងៃអាទិត្យ៕









