អ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមិនា ថា កម្លាំងផ្លូវអាកាសរបស់ពួកគេបានបញ្ចប់ការវាយប្រហារជាច្រើនលើកទៅលើទីតាំងមីស៊ីលចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់។
នៅក្នុងសេចក្តីថ្លែងការណ៍ យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងបានវាយប្រហារលើទីតាំងផ្ទុកមីស៊ីលបាលីស្ទិកនៅក្រោមដី ឃ្លាំងផ្ទុកមីស៊ីល ដែលត្រូវបានប្រើប្រាស់ ដើម្បីប្រឆាំងនឹងយន្តហោះ និងធ្វើជាទីតាំងសម្រាប់បើកការវាយប្រហារមីស៊ីលចម្ងាយឆ្ងាយរបស់អ៊ីរ៉ង់។ ប៉ុន្តែសេចក្តីថ្លែងការណ៍មិនមានបញ្ជាក់ពីចំនួន ឬទីតាំងជាក់លាក់នៃទីតាំងគោលដៅនោះទេ។
ហើយនៅពេលព្រឹកព្រលឹម ការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់វិញម្តង សំឡេងស៊ីរ៉ែនព្រមានវាយប្រហារតាមអាកាសបានបន្លឺឡើងនៅទូទាំងតំបន់កណ្តាលអ៊ីស្រាអែល ក្នុងនោះរួមមានទាំងទីក្រុងតេលអាវ៉ីវ ខណៈដែលមនុស្សរាប់លាននាក់ស្វែងរកទីជំរកសុវត្ថិភាព បើទោះបីជាគោលការណ៍ណែនាំសង្រ្គាមថ្មីទើបតែបានចូលជាធរមាន ដោយត្រូវដកការរឹតបន្តឹងមួយចំនួន និងអនុញ្ញាតឱ្យជនជាតិអ៊ីស្រាអែលបើកកន្លែងធ្វើការឡើងវិញ ដែលអាចឱ្យពួកគេទៅដល់ទីជំរកសុវត្ថិភាពបានឆាប់រហ័ស។
ប៉ូលិសបានរាយការណ៍ថា បំណែកគ្រាប់មីស៊ីលបានធ្លាក់នៅតំបន់កណ្តាល និងវីដេអូត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម ដែលធ្វើឱ្យផលប៉ះពាល់ និងបានបង្កើតជារណ្ដៅធំៗ នៅក្នុងទីធ្លាផ្ទះនីមួយៗ ប៉ុន្តែក្រុមគ្រូពេទ្យបានរាយការណ៍ថា ពុំមានអ្នករងរបួសទេ។
គួរំលឹកផងដែរថា នៅព្រឹកថ្ងៃសៅរ៍ ទីសប្តាហ៍មុន អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសទៅលើប្រទេសអ៊ីរ៉ង់ ជំរុញឱ្យមានការវាយប្រហារតាមអាកាសសងសឹកដោយអ៊ីរ៉ង់ប្រឆាំងនឹងគោលដៅរបស់អ៊ីស្រាអែល និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា៕









