ស្លាប់២នាក់ របួស១៧នាក់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់

0

ប្រទេសលីបង់៖ មនុស្ស២នាក់ត្រូវបានសម្លាប់ និង១៧នាក់ផ្សេងទៀតរងរបួសក្នុងនោះមានស្ត្រី៧នាក់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើទីតាំងជាច្រើននៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃចន្ទ នេះបើតាមរបាយការណ៍ផ្លូវការ និងប្រព័ន្ធផ្សព្វផ្សាយលីបង់។

ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅលើផ្ទះល្វែងមួយកន្លែងនៅក្នុងស្រុកថាយ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង១៦នាក់រងរបួស។

ក្នុងឧបទ្វហេតុមួយផ្សេងទៀត ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានសម្លាប់គ្រូពេទ្យម្នាក់ និងអ្នកភូមិយ៉ាទ័រម្នាក់រងរបួសនេះបើតាមភ្នាក់ងារសារព័ត៌មានជាតិលីបង់។

ទន្ទឹមនឹងនេះ ក្រុមប្រដាប់អាវុធលីបង់ ហេបូឡា បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿង បានវាយប្រហារលើទាហានអ៊ីស្រាអែលនៅទីតាំងជាច្រើនកន្លែងដោយគ្រាប់រ៉ូកែតនិងកាំភ្លើងធំ ព្រមទាំងបាញ់គ្រាប់រ៉ូកែត និងវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើទីក្រុងណាហារីយ៉ារបស់អ៊ីស្រាអែលផងដែរ។

នៅថ្ងៃចន្ទនេះផងដែរ NNA បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបានព្យាយាមរុលចូលទៅក្នុងប្រទេសលីបង់នៅចំណុចជាច្រើនតាមបណ្តោយព្រំដែនភាគខាងត្បូង។

ក្រុមហេបូឡាបានប្រកាសបើកការវាយប្រហារដោយគ្រាប់រ៉ូកែតចេញពីប្រទេសលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី២ ខែមីនា ដែលនេះគឺជាការវាយប្រហារលើកដំបូងចាប់តាំងពីបទឈប់បាញ់ត្រូវបានប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាជាបន្តបន្ទាប់ប្រឆាំងនឹងក្រុមដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមអាកាសយ៉ាងខ្លាំងទៅលើតំបន់ជាច្រើននៅភាគខាងត្បូង និងខាងកើតប្រទេសលីបង់ បន្ថែមពីលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here