តួកគីឃុំខ្លួនភេរវករ៨៨នាក់ក្នុងប្រតិបត្តិការទូទាំងប្រទេស

0

ប្រទេសតួកគី៖ ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃពុធ ទី២៦ ខែមីនា ថា អាជ្ញាធរតួកគីបានចាប់ខ្លួនជនសង្ស័យ៨៨នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) អំឡុងពេលវាយឆ្មក់ដែលមានកិច្ចសហប្រតិបត្តិការរួមទូទាំង២៤ខេត្ត។

 ក្រសួងមហាផ្ទៃបានឱ្យដឹងបន្ថែមថា ជនសង្ស័យទាំងនោះប្រឈមនឹងការចោទប្រកាន់ជាច្រើន រួមទាំងការចោទប្រកាន់ថា ជាសមាជិកក្នុងអង្គការភេរវករ និងការគាំទ្រហិរញ្ញវត្ថុដោយចេតនាដល់ក្រុម IS តាមរយៈបុគ្គល និងអង្គការ “សប្បុរសធម៌” ។ ជាមួយគ្នានេះផងដែរ​អ្នកស៊ើបអង្កេតបានរកឃើញថា អ្នកជាប់ឃុំខ្លួនទាំងអស់ ត្រូវបានចោទប្រកាន់ក្នុងការផ្សព្វផ្សាយឃោសនាភេរវកម្មតាមរយៈបណ្តាញសង្គម ហើយកម្លាំងសន្តិសុខថែមទាំងបានរឹបអូសឯកសារសំខាន់ៗ និងសម្ភារៈឌីជីថលជាច្រើនក្នុងអំឡុងពេលប្រតិបត្តិការ។

ទីក្រុងអង់ការ៉ាបានកំណត់ក្រុម IS ជាផ្លូវការថា ជាអង្គការភេរវកម្មនៅក្នុងឆ្នាំ២០១៣ និងខ្លួនបានធ្វើប្រតិបត្តិការប្រឆាំងភេរវកម្មជាច្រើនទាំងនៅក្នុងស្រុក និងក្រៅប្រទេស៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here