ប្រទេសអ៊ីរ៉ាក់៖ កងកម្លាំងចលនាប្រជាជននៃកងទ័ពប៉ារ៉ារបស់អ៊ីរ៉ាក់ (PMF) បាននិយាយនៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ការវាយប្រហារតាមអាកាសរបស់អាមេរិកនិងអ៊ីស្រាអែល បានកម្ទេចមូលដ្ឋានរបស់ខ្លួនចំនួន២ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ឬរបួសនោះទេ។
សេចក្តីថ្លែងការណ៍ចំនួន២របស់កងកម្លាំងចលនាប្រជាជនមានខ្លឹមសារថា អង្គភាពរបស់កងពលតូចទី១៥ និងកងពលតូចទី២៧ រងការខូចខាតពីការវាយប្រហារតាមអាកាសរបស់អាមេរិកនិងអ៊ីស្រាអែល ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់ឬរបួស ប៉ុន្តែខូចខាតសម្ភារៈ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សមាជិកនៃកងកម្លាំងចលនាប្រជាជនជាច្រើននាក់ត្រូវបានសម្លាប់ដោយសារអ្វីដែលក្រុមនេះអះអាងថាជាប្រតិបត្តិការរបស់អាមេរិក-អ៊ីស្រាអែល។
ក្នុងហេតុការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ប្រភពពីសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកយកព័ត៌មានថា ប្រព័ន្ធការពារដែនអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអត្តឃាតដែលបំពាក់គ្រាប់បែកកែច្នៃនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអឺប៊ីលនៅក្នុងតំបន់ឃឺដពាក់កណ្តាលស្វយ័តរបស់ប្រទេសអ៊ីរ៉ាក់ដោយមិនបណ្តាលឱ្យមានអ្នកស្លាប់ឬរបួសឡើយ។
គួរំលឹកផងដែរថា ការវាយប្រហារទាំងនេះចំពេលភាពតានតឹងនៅក្នុងតំបន់កាន់តែកើនឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ដែលចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ អ៊ីរ៉ង់និងសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួនបានឆ្លើយតបវិញដោយវាយប្រហារទៅលើផលប្រយោជន៍របស់អ៊ីស្រាអែលនិងអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦









