ប្រទេសម៉ាលី៖ កងទ័ពម៉ាលីបាននិយាយកាលពីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦ ថា ពួកសកម្មប្រយុទ្ធប្រមាណជា៤០នាក់ រួមទាំងមេដឹកនាំម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដែលមានរយៈពេលមួយសប្តាហ៍នៅតំបន់កាយ៉េភាគខាងលិច។
យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធបានឲ្យដឹងថា ប្រតិបត្តិការដែលមានកូដឈ្មោះថា ដូហ្កូកូឡូ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដែលភាគច្រើននៅក្នុងតំបន់យ៉េលីម៉ាណេ និងសេហ្កាឡា បន្ទាប់ពីប្រតិបត្តិការមុននេះនៅតំបន់អាមប៊ីដេឌី និងឌីបូលី។
សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ក្នុងអំឡុងប្រតិបត្តិការកងកម្លាំងជើងគោកបានបំផ្លាញកន្លែងលាក់ខ្លួនជាច្រើនរបស់ពួកសកម្មប្រយុទ្ធ ក្នុងនោះមានមូលដ្ឋានសំខាន់ៗចំនួន២កន្លែងនៅមេឌីណា និងកាយ៉េស។
កងទ័ពក៏បានដោះលែងចំណាប់ខ្មាំង១២នាក់ដែលពីមុនត្រូវបានចាប់ជំរិតដោយក្រុមប្រដាប់អាវុធ ហើយបានរឹបអូសអាវុធ គ្រាប់រំសេវ និងសម្ភារៈផ្សេងៗទៀតយ៉ាងច្រើន រួមទាំងយន្តហោះគ្មានមនុស្សបើកម៉ាកកាមីកាហ្សេ វិទ្យុទាក់ទង និងប្រេងឥន្ធនៈប្រមាណជា៣.០០០លីត្រ។
រថយន្ត៣គ្រឿង ក្នុងនោះមានរថយន្តក្រុងដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក ក៏ត្រូវបានរឹបអូសផងដែរ ហើយនឹងត្រូវប្រគល់ជូនម្ចាស់របស់ពួកគេវិញ។
ចំណាប់ខ្មាំងដែលជួយសង្គ្រោះបានកំពុងទទួលបានការត្រួតពិនិត្យសុខភាពមុនពេលត្រឡប់ទៅជួបគ្រួសាររបស់ពួកគេវិញ។ កងទ័ពបាននិយាយថា ខ្លួននឹងបន្តប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធនៅទូទាំងប្រទេស៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦









