ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធជាន់ខ្ពស់២នាក់នៃអង្គភាពទំនាក់ទំនងរបស់ក្រុមហេបូឡាក្នុងទីក្រុងបេរូត។
ពួកសកម្មប្រយុទ្ធ២នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃសុក្រមានឈ្មោះ អាយយូប ហ៊ូសេន យ៉ាខូប និង យ៉ាសឺ មូហាម៉េដ ម៉ូបារាក់ ដែលអ្នកទាំងពីរជាសមាជិកជាន់ខ្ពស់របស់អង្គភាពនេះ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា IDF បានអនុវត្តការវាយប្រហារក្នុងពេលដំណាលគ្នាពេញមួយយប់ទៅលើគោលដៅរាប់សិបកន្លែងក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ ដោយប្រើប្រាស់កងទ័ពអាកាស និងកងទ័ពជើងទឹក។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់កងទ័ពជើងគោកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីបំផ្លាញសមត្ថភាពប្រតិបត្តិការរបស់ក្រុមហេបូឡានៅក្នុងតំបន់។
គោលដៅរាប់សិបកន្លែងនោះរួមមានដូចជាឃ្លាំងផ្ទុកអាវុធ ជើងទម្របាញ់មីស៊ីល បរិវេណយោធា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ IDF៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦









