ប្រទេសអ៊ីរ៉ាក់៖ ជនស៊ីវិល២នាក់បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២៦ ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ឃឺដពាក់កណ្តាលស្វ័យយ័តរបស់ប្រទេសអ៊ីរ៉ាក់ នេះបើតាមការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន។
អគ្គនាយកដ្ឋានប្រឆាំងភេរវកម្មក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះគ្មានមនុស្សបើកដែលបំពាក់គ្រឿងផ្ទុះមួយគ្រឿងដែលបង្ហោះចេញពីប្រទេសអ៊ីរ៉ង់បានវាយប្រហារទៅលើផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកដារ៉ាស្ហាក្រាន ខេត្តអឺប៊ីល នៅម៉ោងប្រម៉ាណ ១២:១៥នាទីព្រឹក ថ្ងៃអង្គារ ទី០៧ ខែមេសា។
ក្រសួងប្រឆាំងភេរវកម្មបានថ្កោលទោសចំពោះការវាយប្រហារនេះ ដោយចាត់ទុកវាថាជាការរំលោភច្បាប់អន្តរជាតិ និងជាឧក្រិដ្ឋកម្មសង្គ្រាម។
ហេតុការណ៍នេះបានកើតឡើងចំពេលមានភាពតានតឹងក្នុងតំបន់បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អាមេរិក-អ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់ ដែលចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តបានឆ្លើយតបវិញដោយវាយប្រហារលើផលប្រយោជន៍របស់អាមេរិក និងអ៊ីស្រាអែលនៅទូទាំងមជ្ឈិមបូព៌ា៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦









