អ្នកសារព័ត៌មានម្នាក់ក្នុងចំណោមមនុស្ស៤នាក់ស្លាប់ក្នុងការវាយប្រហារនៅហ្កាហ្សា

0

ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន៤នាក់ ក្នុងនោះមានអ្នកសារព័ត៌មានម្នាក់បានស្លាប់បាត់បង់ជីវិតនៅថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០២៦ ក្នុងឧបទ្ទវហេតុចំនួន២ផ្សេងគ្នានៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងហ្កាហ្សា នេះយោងតាមប្រភពីខាងសន្តិសុខប៉ាឡេស្ទីន និងអាជ្ញាធរសុខាភិបាល។

កងកម្លាំងការពារជនស៊ីវិលហ្កាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ក្រុមការងារខ្លួនបានរកឃើញសាកសពចំនួន២នាក់ បន្ទាប់ពីរថយន្តជនស៊ីវិលមួយគ្រឿងរងការវាយប្រហារនៅលើផ្លូវរ៉ាស្ហីដ ភាគខាងត្បូងទីក្រុងហ្កាហ្សា។

ប្រភពបានប្រាប់អ្នកយកព័ត៌មានថា ម្នាក់ក្នុងចំណោមអ្នកស្លាប់គឺជាអ្នកកាសែតឈ្មោះ មូហាមេដ វីស្ហា ដែលបម្រើការឲ្យបណ្តាញទូរទស្សន៍សាធារណៈប្រចាំនៅទីក្រុងដូហា អាល់ហ្សាហ្សេរ៉ា មូបាស្ហៀ។

ក្រោយមក ទូរទស្សន៍អាល់ហ្សាហ្សេរ៉ាបានបញ្ជាក់ពីមរណៈភាពនៃអ្នកសារព័ត៌មានរបស់ខ្លួនគឺលោក វីស្ហា។

នៅក្នុងឧបទ្វហេតុមួយផ្សេងទៀត ជនជាតិប៉ាឡេស្ទីន២នាក់បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើចំណុចជួបជុំរបស់ជនស៊ីវិលនៅជិតរង្វង់មូលគូវ៉េត ភាគខាងកើតសង្កាត់ហ្ស៊ីតូន ក្នុងទីក្រុងហ្កាហ្សា នេះបើតាមប្រភព។

កងទ័ពអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញឧបទ្ទវហេតុទាំង២នេះនៅឡើយទេ។

ដោយឡែក កងកម្លាំងការពារជាតិអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី០៨​ ខែមេសា ឆ្នាំ២០២៦ ថា ខ្លួនបានវាយប្រហារ និងសម្លាប់លោក ម៉ូហាម៉ាត់ ដាវ៉ាដ អ្នកជំនាញខាងវិស្វកម្ម និងផលិតឧបករណ៍ផ្ទុះរបស់ក្រុមហាម៉ាស កាលពីថ្ងៃចន្ទ ទី០៦ ខែមេសា កន្លងទៅនេះ។

អាជ្ញាធរសុខាភិបាលប្រចាំនៅក្នុងទីក្រុងហ្កាហ្សាបាននិយាយកាលពីថ្ងៃពុធ ទី០៨ ខែមេសា ថា ចំនួនអ្នកស្លាប់គិតចាប់ពីបទឈប់បាញ់ចូលជាធរមាននៅខែតុលា ឆ្នាំ២០២៥ បានកើនឡើងដល់ ៧៣៦នាក់ និងអ្នករបួស ២.០៣៥នាក់ ដែលនេះធ្វើឲ្យកើនឡើងចំនួនអ្នកស្លាប់និងរបួសសរុបគិតចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដល់ ៧២.៣១៥នាក់ និងអ្នករបួស ១៧២.១៣៧នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here