ជនជាតិប៉ាឡេស្ទីន៤នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប

0

ហ្កាហ្សា៖ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា ជនជាតិប៉ាឡេស្ទីន៤នាក់ត្រូវបានសម្លាប់នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប និងតំបន់វ៉េសបេង។

ប្រភពពីសន្តិសុខប៉ាឡេស្ទីនបានប្រាប់អ្នកយកព័ត៌មានថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានបាញ់គ្រាប់មីស៊ីលយ៉ាងហោចណាស់មួយគ្រាប់ទៅលើរថយន្តមួយគ្រឿងនៅលើផ្លូវសាឡាហ អាល ឌីន នៅច្រកចូលទៅកាន់តំបន់ម៉ាហ្កាហ្ស៊ី បណ្តាលឱ្យមនុស្សស្លាប់ និងរបួស។

ប្រភពពីមន្ទីពេទ្យអាល អាកសា នៅក្នុងតំបន់ឌៀរ អាល បាឡាហ បានបញ្ជាក់ប្រាប់ថា សាកសពមនុស្ស ៣នាក់ត្រូវបាននាំយកទៅអាគារពេទ្យបន្ទាប់ពីមានការវាយប្រហារតាមអាកាស។

យោធាអ៊ីស្រាអែលមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយជុំវិញហេតុការណ៍នេះនៅឡើយទេ។

 យ៉ាងណាមិញ បុគ្គលិកសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ទីរពេទ្យនៅទូទាំងតំបន់ទទួលបានសាកសពចំនួន៦ និងអ្នករងរបួស ១៨ នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

ប្រភពពីមន្ទីពេទ្យនៅភាគខាងជើងតំបន់វ៉េសបេង បានប្រាប់អ្នកយកព័ត៌មានថា លោកយូសេហ្វ អ៊ីសថាយ៉េហ ដែលមានអាយុ១៥ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលនៅក្បែរតំបន់ប្រជុំជនបៀតវ៉ាហ្សាន នៅភាគខាងលិចទីក្រុងណាប្លុស។

ភាពតានតឹងបានកើនឡើងនៅទូទាំងតំបន់វ៉េសបេងចាប់តាំងពីផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។

យោងតាមស្ថិតិរបស់ប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទីនប្រមាណជា ១១០០នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់វ៉េសបេង និងនៅតំបន់ភាគខាងកើតទីក្រុងយេរូសាឡឹម៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here