មានមនុស្សស្លាប់២នាក់​ និងរបួស៣នាក់ ក្នុងការបាញ់ប្រហារនៅតំបន់វ៉េសបេង 

0

ទីក្រុងរ៉ាម៉ាឡា៖ យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងថា ជនជាតិប៉ាឡេស្ទីន២នាក់ ក្នុងនោះមានក្មេងម្នាក់ត្រូវបានសម្លាប់ និង៣នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារអំឡុងពេលមានការវាយប្រហាររបស់អ្នកតាំងលំនៅអ៊ីស្រាអែលនៅក្នុងភូមិមួយ នៅភាគខាងកើតទីក្រុងរ៉ាម៉ាឡា ក្នុងតំបន់វ៉េសបេង។

ក្រសួងបានបញ្ជាក់ថាជនរងគ្រោះជាក្មេងប្រុសមានឈ្មោះ អាវ អាល ណាសាន មានអាយុ ១៤ឆ្នាំ និងលោកជីហាដ អាប៊ុ ណេម មានអាយុ ៣២ឆ្នាំ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមអ្នកតាំងលំនៅប្រដាប់ដោយអាវុធបានបើកការវាយប្រហារលើភូមិអាល មុកហាយយឺរ របស់ប៉ាឡេស្ទីន ដែលស្ថិតនៅក្រោមការកាន់កាប់របស់ទ័ពអ៊ីស្រាអែល ដោយធ្វើការបាញ់ប្រហារទៅកាន់សាលារៀនក្នុងតំបន់ បង្កឱ្យមានមនុស្សស្លាប់ និងរបួស។

កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) បាននិយាយនៅថ្ងៃអង្គារថា ពួកគេកំពុងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។

កាលពីថ្ងៃអង្គារ អ្នកតាំងលំនៅ អ៊ីស្រាអែលត្រូវបានរាយការណ៍ថា​បានវាយកម្ទេចសាលារៀន ប៉ាឡេស្ទីនមួយកន្លែងនៅក្បែរទីក្រុងថូបាស នៅក្នុងតំបន់វ៉េសបេង ដែលនោះគឺជាសកម្មភាពមួយ ដែលបានធ្វើឲ្យជនជាតិប៉ាឡេស្ទីនរិះគន់ ។

 លោក មូ ថាហ្ស ប៊ីសហារ៉ាត ដែលជាមន្ត្រីមួយរូបនៃអភិបាលខេត្តថូបាស និងតំបន់ណ័រថឺន វ៉ាឡី បានប្រាប់អ្នកយកព័ត៌មានថា  អ្នកតាំងលំនៅអ៊ីស្រាអែលបានសម្រុកចូលសហគមន៍ អាល ម៉ាលីហ នៅពេលព្រឹកព្រលឹម និងបានបំផ្លាញសាលារៀន ដែលមានសិស្សប្រមាណជា៧០នាក់ ដែលជាសិស្សថ្នាក់មតេយ្យដល់ថ្នាក់ទី៤។

លោក សាឌីក អាល ខាដួរ អ្នកនាំពាក្យរបស់ក្រសួងអប់រំប៉ាឡេស្ទីន បានថ្កោលទោសចំពោះការបំផ្លាញនេះ ដោយបានពណ៌នាថាជា “នេះគឺជាបទឧក្រិដ្ឋថ្មីប្រឆាំងនឹងសិទ្ធិរបស់សិស្សក្នុងការចូលរៀនដោយសុវត្ថិភាព”

កងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅបានបំផ្លាញសាលារៀនប្រមាណជា១០កន្លែងនៅក្នុងតំបន់វ៉េសបេង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ នេះបើតាមការបញ្ជាក់ពីលោកអាល ខាដួរ និងបានជម្រុញដល់សហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិនៅក្នុងតំបន់ប៉ាឡេស្ទីន ឱ្យដាក់សំពាធលើអ៊ីស្រាអែលដើម្បីបញ្ឈប់ការវាយប្រហារទៅលើសាលារៀន។

លោកហាសាន ម្លិះហាត អគ្គនាយកនៃមូលនិធិ អាល បាយដារ សម្រាប់ការពារសហគមន៍

បេដូអ៊ីន បានប្រាប់អ្នកយកព័ត៌មានថា អ្នកតាំងលំនៅបានបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងសហគមន៍ប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

លោកម្លិះហាតបាននិយាយថា ការវាយប្រហារទាំងនេះបានបង្ខំឱ្យសហគមន៍ដែលមានជនជាតិប៉ាឡេស្ទីន៨៣នាក់ឱ្យរត់ចេញពីផ្ទះរបស់ពួកគេ។ សហគមន៍ទាំងនោះគឺជាជម្រកសម្រាប់មនុស្សប្រមាណជា ១៤,០០០នាក់។

យោងតាមគណៈកម្មាធិការការពារព្រំដែន និងការតាំងទីលំនៅរបស់អង្គការរំដោះប៉ាឡេស្ទីនបានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅបានធ្វើការវាយប្រហារប្រមាណជា ១៨១៩លើក កាលពីខែមីនា ក្នុងនោះមាន១៣២២លើក ដែលធ្វើឡើងដោយកងទ័ព និង៤៩៧លើកធ្វើឡើងដោយអ្នកតាំងលំនៅ។

អ៊ីស្រាអែលដណ្តើមបានការគ្រប់គ្រងលើតំបន់វ៉េសបេងបន្ទាប់ពីមានសង្គ្រាមកាលពីឆ្នាំ១៩៦៧ និងបានបង្កើតទីតាំងដែលសហគមន៍អន្តរជាតិចាត់ទុកថាខុសច្បាប់។

គួរំលឹកផងដែរថា ជនជាតិអ៊ីស្រាអែលប្រមាណជាកន្លះលាននាក់បានរស់នៅក្នុងតំបន់វ៉េសបេង ជាមួយនឹងជនជាតិប៉ាឡេស្ទីនប្រមាណជា ៣,៤ លាននាក់ និងមានការប៉ះទង្គិចគ្នាជាច្រើនលើករវាងភាគីទាំង២ ដែលបង្កឱ្យមានអំពើហិង្សាជាញឹកញាប់៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦

 

LEAVE A REPLY

Please enter your comment!
Please enter your name here