ទីក្រុងរ៉ាម៉ាឡា៖ បុរសជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានអ្នកតាំងលំនៅអ៊ីស្រាអែលបាញ់សម្លាប់នៅថ្ងៃពុធ ទី២២ ខែមេសា ក្បែរក្រុងរ៉ាម៉ាឡាហ នៅកណ្តាលតំបន់វ៉េសបេង នេះបើតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។
នៅក្នុងសេចក្តីថ្លែងការព័ត៌មានរបស់ក្រសួងបានឲ្យដឹងថា លោកអាវដា អាថេហ្វ អាវ៉ាវដេហ ដែលមានអាយុ២៥ឆ្នាំ បានស្លាប់បន្ទាប់ពីរងការបាញ់ប្រហារពីអ្នកតាំងលំនៅអំឡុងពេលមានការវាយប្រហារទៅលើភូមិដៀរ ឌីបវ៉ាន ភាគខាងកើតនៃក្រុងរ៉ាម៉ាឡាហ។ ប្រភពពីសន្តិសុខប៉ាឡេស្ទីនបានប្រាប់អ្នកយកព័ត៌មានថា ក្រុមអ្នកតាំងលំនៅអ៊ីស្រាអែលដែលស្ថិតនៅក្រោមការការពាររបស់កងទ័ពអ៊ីស្រាអែល បានបើកការបាញ់ប្រហារលើភូមិមួយកន្លែង ដោយបានសម្លាប់លោកអាវ៉ាវដេហ។
នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា កងកម្លាំងអ៊ីស្រាអែលបានចាប់ខ្លួនមនុស្ស៤០នាក់ចេញពីភូមិមួយកន្លែងអំឡុងពេលវាយឆ្មក់។
ឧបទ្ទវហេតុនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីជនជាតិប៉ាឡេស្ទីន២នាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាក្មេងប្រុស អាវ អាល ណាសាន មានអាយុ ១៤ឆ្នាំ និងលោកជីហាដ អាប៊ុ ណេម មានអាយុ ៣២ឆ្នាំ ត្រូវបានសម្លាប់ដោយក្រុមអ្នកតាំងលំនៅក្នុងភូមិអាល មុកហាយយឺរ នៅក្បែរក្រុងរ៉ាម៉ាឡាហ។
យោងតាមគណៈកម្មាធិការការពារព្រំដែន និងការតាំងទីលំនៅរបស់អង្គការរំដោះប៉ាឡេស្ទីន កងកម្លាំងអ៊ីស្រាអែល និងអ្នកតាំងលំនៅបានវាយប្រហារ១៨១៩លើកអំឡុងខែមីនា ក្នុងនោះមាន១៣២២លើក ដែលធ្វើឡើងដោយកងទ័ព និង៤៩៧លើកធ្វើឡើងដោយអ្នកតាំងលំនៅ។
អ៊ីស្រាអែលដណ្តើមកាន់កាប់តំបន់វ៉េសបេងបន្ទាប់ពីមានសង្គ្រាមកាលពីឆ្នាំ១៩៦៧ និងបានបង្កើតទីតាំងដែលសហគមន៍អន្តរជាតិចាត់ទុកថាខុសច្បាប់។
គួរំលឹកផងដែរថា ជនជាតិអ៊ីស្រាអែលប្រមាណជាកន្លះលាននាក់បានរស់នៅក្នុងតំបន់វ៉េសបេង ជាមួយនឹងជនជាតិប៉ាឡេស្ទីនប្រមាណជា ៣,៤ លាននាក់ និងមានការប៉ះទង្គិចគ្នាជាច្រើនលើករវាងភាគីទាំង២ ដែលបង្កឱ្យមានអំពើហិង្សាជាញឹកញាប់៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦









