ប្រទេសកាមេរូន៖ អ្នកប្រយុទ្ធបំបែកខ្លួនសង្ស័យចំនួន១៤នាក់ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់របស់យោធានៅក្នុងតំបន់ភាគពាយ័ព្យដែលនិយាយភាសាអង់គ្លេសរបស់ប្រទេសកាមេរូន នេះបើតាមប្រភពព័ត៌មានពីអ្នកស្រុកនិងសន្តិសុខ។
មន្ត្រីយោធាម្នាក់បាននិយាយថា អ្នកប្រយុទ្ធបំបែកខ្លួនត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលបានសម្រុកចូលទីតាំងលាក់ខ្លួនរបស់អ្នកប្រយុទ្ធបំបែកខ្លួននៅមូលដ្ឋានស្រុកអ៊ិនហ្សេរ៉េមនីយ៉ាម នៃតំបន់នេះ។
មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះម្នាក់នេះបានប្រាប់អ្នកយកព័ត៌មានថា “ទាហានដ៏អង់អាចក្លាហានរបស់យើងទទួលបានដំណឹងអំពីការជួបជុំមិនធម្មតារបស់អ្នកប្រយុទ្ធបំបែកខ្លួននៅក្នុងស្រុកនេះ។ យើងក៏បានរៀបផែនការ ហើយវាយប្រហារលើទីតាំងលាក់ខ្លួននោះភ្លៀមៗ ដែលជាលទ្ធផលយើងបានសម្លាប់ពួកគេចំនួន១៤នាក់នៅនឹងកន្លែង និងធ្វើឲ្យរបួសជាច្រើននាក់ទៀត”។ ប្រភពបានបន្ថែមថា មិនមានទាហានណាម្នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការនេះទេ។
មន្ត្រីមូលដ្ឋានបាននិយាយថា អ្នកប្រយុទ្ធបំបែកខ្លួនដែលស្លាប់ក្នុងការវាយឆ្មក់គឺមានភាពល្បីខាងចាប់ជំរិតដើម្បីទារយកប្រាក់លោះក្នុងតំបន់នេះ។
នៅព្រឹកថ្ងៃចន្ទ មេដឹកនាំក្រុមបំបែកខ្លួនបានបង្ហោះសារនៅលើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកដែលត្រូវបានសម្លាប់មួយចំនួនគឺជាជនស៊ីវិល ក្នុងនោះមានស្ត្រីម្នាក់។
គួរំលឹកផងដែរថា ជម្លោះក្រុមបំបែកខ្លួនប្រដាប់អាវុធបន្តកើតមាននៅក្នុងតំបន់ភាគពាយ័ព្យ និងនិរតីដែលនិយាយភាសាអង់គ្លេសរបស់ប្រទេសកាមេរូនចាប់តាំងពីឆ្នាំ២០១៧។ ក្រុមបំបែកខ្លួនចង់បង្កើតរដ្ឋឯករាជ្យមួយនៅក្នុងតំបន់ទាំងពីរ៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៨









