តំបន់ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន២នាក់ក្នុងនោះមានកុមារម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នារបស់កងទ័ពអ៊ីស្រាអែលនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្កាហ្សា នេះបើយោងតាមប្រភពពីគ្រូពេទ្យប៉ាឡេស្ទីន។
ប្រភពពីគ្រូពេទ្យនៅមន្ទីពេទ្យអាល់ស្ហីហ្វាក្នុងទីក្រុងហ្កាហ្សាបាននិយាយថា មន្ទីពេទ្យនេះបានទទួលសាកសពរបស់ក្មេងអាយុ១៥ឆ្នាំ ឈ្មោះ អាយហាម អាល់អូម៉ារី ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់បេតឡាហៀ ភាគខាងជើងហ្កាហ្សា។
ប្រភពព័ត៌មានក្នុងស្រុកបាននិយាយថា នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយផ្សេងទៀត បុរសជនជាតិប៉ាឡេស្ទីនអាយុ៣១ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយកងទ័ពអ៊ីស្រាអែលនៅភាគខាងកើតទីក្រុងខានយូនីស ភាគខាងត្បូងហ្កាហ្សា។
មិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗពីកងទ័ពអ៊ីស្រាអែលអំពីឧបទ្ទវហេតុទាំងនេះនៅឡើយទេ។
ទន្ទឹមនឹងនេះ អាជ្ញាធរសុខាភិបាលប្រចាំនៅហ្កាហ្សាបាននិយាយថា មន្ទីពេទ្យជាច្រើននៅក្នុងតំបន់នោះបានទទួលសាកសពចំនួន៧ និងអ្នករបួសចំនួន១៨នាក់ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ។
អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់កើនដល់៨១៧នាក់ និងរបួស២.២៩៦នាក់ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី១០ ខែតុលា។ ដូចនេះ ចំនួនអ្នកស្លាប់សរុបកើនដល់ ៧២.៥៩៣នាក់ និងរបួស១៧២.៣៩៩នាក់ចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦









