ជនជាតិប៉ាឡេស្ទីន៣នាក់ស្លាប់ក្នុងការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅហ្កាហ្សា 

0

ហ្កាហ្សា៖ ជនជាតិប៉ាឡេស្ទីន៣នាក់ក្នុងនោះមានកុមារម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការបាញ់ប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ នេះបើតាមប្រភពពីប៉ាឡេស្ទីន។

ជនជាតិប៉ាឡេស្ទីន២នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស ដែលក្នុងនោះមានអ្នកខ្លះមានរបួសធ្ងន់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើរថយន្តរបស់ជនស៊ីវិលនៅភាគខាងលិចទីក្រុងហ្កាហ្សា នេះបើតាមសាក្សីឃើញផ្ទាល់ភ្នែក និងអ្នកនាំពាក្យរបស់ក្រុមការពារជនស៊ីវិលនៅហ្កាហ្សា លោក មាមួដ បាសាល។

តាមប្រភពពីមន្ទីពេទ្យប៉ាឡេស្ទីនបានឲ្យដឹងថា ក្មេងអាយុ៩ឆ្នាំម្នាក់ ដែលគេស្គាល់ថាឈ្មោះ អាដែល អាល់ណាចា ស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើជនជាតិប៉ាឡេស្ទីននៅភាគខាងកើតទីក្រុងខានយូនីស ភាគខាងត្បូងតំបន់ហ្កាហ្សា។

ទន្ទឹមនឹងនេះផងដែរ ស្ត្រីម្នាក់រងរបួសដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅក្នុងតំទីក្រុងបេតឡាហៀ ភាគខាងជើងតំបន់ហ្កាហ្សា។

មិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីស្រាអែលពាក់ព័ន្ធនឹងឧបទ្ទវហេតុទាំងនេះនៅឡើយទេ។

ការវាយប្រហារមិនទៀងដែលមិនអាចដឹងមុនរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ត្រូវបានរាយការណ៍ជាបន្តបន្ទាប់ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានកាលពីខែតុលា ឆ្នាំ២០២៥ ក៏ដោយ។

អាជ្ញាធរសុខាភិបាលប្រចាំនៅតំបន់ហ្កាហ្សាបាននិយាយកាលបីថ្ងៃអង្គារ៍ ទី២៨ ខែមេសា ថា គិតចាប់តាំងពីមានបទឈប់បាញ់ចុងក្រោយនេះ ចំនួនអ្នកស្លាប់កើនឡើងដល់ ៨១៨នាក់ និងអ្នករបួស២.៣០១នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងតំបន់ហ្កាហ្សា គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ឡើងដល់៧២.៥៩៤នាក់ និងអ្នករបួស ១៧២.៤០៤នាក់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here