ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ ទាហានអ៊ីស្រាអែល២នាក់រងរបួសក្នុងការវាយឆ្មក់នៅវ៉េសបេង

0

ទីក្រុងរ៉ាម៉ាឡា៖ បុរសជនជាតិប៉ាឡេស្ទីនម្នាក់​ត្រូវបានសម្លាប់ និងទាហានអ៊ីស្រាអែល២នាក់រងរបួសក្នុងអំឡុងការវាយឆ្មក់របស់យោធាអ៊ីស្រាអែលកាលពីព្រឹកថ្ងៃពុធ ទី២៩ ខែមេសា នៅក្នុងទីក្រុងស៊ីលវ៉ាដ ភាគខាងកើតទីក្រុងរ៉ាម៉ាឡា ក្នុងតំបន់វ៉េសបេង នេះបើយោងតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ខ្លួនបានទទួលការជូនដំណឹងពីអាជ្ញាធរទូទៅទទួលបន្ទុកកិច្ចការជនស៊ីវិលអំពីមរណៈភាពរបស់ ហាលីម រ៉ូហ៊ី អាបដែល ហាលីម ហាម៉ាដ អាយុ៣៧ឆ្នាំ ដែលត្រូវកងកម្លាំងអ៊ីស្រាអែលបាញ់សម្លាប់ក្នុងអំឡុងការវាយឆ្មក់ក្នុងទីក្រុងស៊ីលវ៉ាដ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត កងទ័ពអ៊ីស្រាអែលបាននិយាយថា កងកម្លាំងខ្លួនបានធ្វើប្រតិបត្តិការនៅក្នុងទីក្រុងនៅពេលព្រឹកព្រលឹម។ ជនជាតិប៉ាឡេស្ទីន២នាក់បានវាយប្រហារលើទាហានអ៊ីស្រាអែលបណ្តាលឱ្យរងរបួស ដែលពួកគេទាំងនោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីទទួលការព្យាបាល។

កងទ័ពបានបន្ថែមថា កងកម្លាំងខ្លួនបានបើកការបាញ់ប្រហារទៅលើក្រុមឧក្រិដជន ដោយបានសម្លាប់ម្នាក់ និងបានបណ្តេញពួកគេផ្សេងទៀតឲ្យចេញពីកន្លែងកើតហេតុ ហើយក្រោយមក ចាប់ខ្លួនពួកគេបានជាបន្តបន្ទាប់។

លោក រ៉ាអ៊ីដ ហាមិដ អភិបាលក្រុងស៊ីលវ៉ាដ បានប្រាប់អ្នកយកព័ត៌មានថា កងកម្លាំងអ៊ីស្រាអែល បានលុកលុយចូលទីក្រុងស្ទើរតែរៀងរាល់ថ្ងៃ រួមជាមួយនឹងការឆែកឆេរម្តងហើយម្តងទៀតលើផ្ទះប្រជាពលរដ្ឋ។

គួរំលឹកផងដែរថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនមិនតិចជាង១.០៨០នាក់ ក្នុងនោះមានកុមារជាង ២៣៥នាក់ ត្រូវបានសម្លាប់នៅក្នុងតំបន់វ៉េសបេង នេះបើយោងតាមទិន្នន័យពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលលើកិច្ចការមនុស្សធម៌៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

 

 

 

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here